រថភ្លើងបុកគ្នានៅបេរ៉ូ សម្លាប់មនុស្ស និងរបួសរាប់សិបនាក់

រថភ្លើង ២ គ្រឿងដែលដឹកអ្នកទេសចរទៅ-មកពីតំបន់បុរាណវិទ្យាដ៏ល្បីល្បាញរបស់ប្រទេសប៉េរូ គឺ Machu Picchu បានបុកគ្នា កាលពីថ្ងៃអង្គារ ដោយសម្លាប់មនុស្សម្នាក់ និងអ្នកដំណើរប្រហែល ៣០ នាក់ រងរបួស។

យោងតាមលោក Jhonathan Castillo Gonzalez ប្រធានក្រុមនៃនាយកដ្ឋានប៉ូលីស Cuzco បានឲ្យដឹងថា អ្នកស្លាប់ម្នាក់នោះគឺជាកម្មករផ្លូវដែក។ ខណៈផ្លូវរថភ្លើងដែលតភ្ជាប់តំបន់ Machu Picchu ជាមួយទីក្រុង Cuzco ដែលនៅក្បែរនោះ ត្រូវបានផ្អាក បន្ទាប់ពីគ្រោះថ្នាក់។

ក្រុមហ៊ុនដែលដំណើរការផ្លូវដែក អះអាងថា រថភ្លើងមួយគ្រឿងដែលមកពី Machu Picchu បានបុកជាមួយរថភ្លើងមួយគ្រឿងដែលធ្វើដំណើរទៅកាន់ទីនោះ នៅជិតតំបន់ Qoriwayrachina ដែលជាតំបន់បុរាណវិទ្យាផងដែរ។

Machu Pichu ទទួលបានភ្ញៀវទេសចរប្រហែល ១.៥ លាននាក់ក្នុងមួយឆ្នាំ ដែលភាគច្រើនធ្វើដំណើរតាមរថភ្លើង។ ទីតាំងនេះត្រូវបានគេស្គាល់ដោយសារឥដ្ឋថ្មដ៏ល្អឥតខ្ចោះ ដែលត្រូវបានសាងសង់ឡើងនៅសតវត្សរ៍ទី ១៥ ដោយពួកអ៊ីនកា និងបានបម្រើជាទីសក្ការៈសម្រាប់អធិរាជរបស់ប្រទេស។

ចំនួនមនុស្សដែលមកទស្សនា បានកើនឡើងប្រហែល ២៥ ភាគរយ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប៉ុន្តែវិស័យទេសចរណ៍នៅក្នុងតំបន់នេះក៏រងផលប៉ះពាល់ដោយភាពចលាចលនយោបាយ និងជម្លោះអំពីរបៀបដែលទីតាំងនេះត្រូវបានគ្រប់គ្រងផងដែរ ដោយពេលខ្លះក្រុមអ្នកតវ៉ា បិទផ្លូវរថភ្លើង៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment