រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានផ្ញើលិខិតមួយច្បាប់ទៅកាន់សមភាគីនៅទូទាំងពិភពលោក ដោយជំរុញឱ្យមានការថ្កោលទោសការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម។

បើយោងតាមក្រសួងការបរទេសអ៊ីរ៉ង់ បានឱ្យដឹងថា នៅក្នុងលិខិតមួយច្បាប់ ដែលផ្ញើទៅកាន់រដ្ឋមន្ត្រីការបរទេសនៃប្រទេសដទៃទៀត រដ្ឋមន្ត្រីការបរទេសលោក Abbas Araghchi ហៅការគំរាមកំហែងថ្មីៗរបស់ប្រធានាធិបតីអាមេរិកប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ថាជាការរំលោភបំពានយ៉ាងច្បាស់លាស់លើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយអំពាវនាវឱ្យថ្កោលទោសយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍ញុះញង់ទាំងនេះ។
ដោយលើកឡើងពីការវាយប្រហាររបស់អ៊ីស្រាអែល-អាមេរិកលើអ៊ីរ៉ង់ ក្នុងខែមិថុនា ឆ្នាំ២០២៥ អ្នកការទូតកំពូលអ៊ីរ៉ង់រូបនេះ និយាយថា ការគំរាមកំហែងថ្មីៗរបស់លោក ត្រាំ បង្ហាញពីផែនការរបស់រដ្ឋបាលអាមេរិកក្នុងការបន្តដំណើរការខុសច្បាប់ និងឈ្លានពាននេះ។

ដូចគ្នានេះដែរ លោក Araghchi បានផ្ញើលិខិតទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ ប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងអគ្គនាយកនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA)។
នៅថ្ងៃទី ២៩ ខែធ្នូ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បាននិយាយថា លោក ត្រៀមខ្លួនរួចជាស្រេចដើម្បីវាយប្រហារអ៊ីរ៉ង់ ប្រសិនបើទីក្រុងតេអេរ៉ង់ ព្យាយាមបន្តកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ ប្រធានាធិបតីអ៊ីរ៉ង់ លោក ម៉ាស៊ូដ ប៉េហ្សេសគីយ៉ាន បានឆ្លើយតបថា ក្នុងករណីមានការឈ្លានពានថ្មី ទីក្រុងតេអេរ៉ង់នឹងធ្វើឱ្យ «សត្រូវសោកស្តាយចំពោះអ្វីដែលខ្លួនបានធ្វើ»៕

ដោយ៖ ពេជ្រ
