ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ជាក់ពីការវាយប្រហារលើទីតាំងមួយកន្លែង ដែលចោទប្រកាន់ថាប្រើប្រាស់សម្រាប់ការជួញដូរគ្រឿងញៀនក្នុងប្រទេសវេណេស៊ុយអេឡា។

មេដឹកនាំអាមេរិករូបនេះ បាននិយាយ នៅពេលអ្នកកាសែតស្នើសុំឱ្យធ្វើអត្ថាធិប្បាយលើរបាយការណ៍ បន្ទាប់ពីមានការវាយប្រហារដ៏កក្រើកមួយនៅតំបន់កំពង់ផែរបស់ប្រទេសវេណេស៊ុយអេឡា។
ក្នុងពេលជាមួយគ្នានេះ លោក មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទេ ហើយមិនបានបញ្ជាក់លម្អិតអំពីទីតាំងពិតប្រាកដនៃគោលដៅផងដែរ។
នៅថ្ងៃទី ២៦ ខែធ្នូ លោក ត្រាំ បានលើកឡើង នៅក្នុងបទសម្ភាសន៍មួយទៅកាន់ស្ថានីយ៍វិទ្យុ WABC ថា កាលពី ២ ថ្ងៃមុន កងកម្លាំងអាមេរិកបានវាយប្រហារទីតាំងដ៏ធំមួយ ដែលត្រូវបានគេចោទប្រកាន់ថាប្រើសម្រាប់ការរត់ពន្ធគ្រឿងញៀន។

ទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ដោយគ្មានមូលដ្ឋានថារដ្ឋាភិបាលវេណេស៊ុយអេឡា មិនបានចាត់វិធានការគ្រប់គ្រាន់ដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធគ្រឿងញៀន។ លោក ត្រាំ បានអនុញ្ញាតឱ្យ CIA ធ្វើប្រតិបត្តិការសម្ងាត់នៅក្នុងប្រទេសវេណេស៊ុយអេឡា។
កាលពីខែសីហា កាសែត The New York Times រាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាសម្ងាត់មួយ ដើម្បីចាប់ផ្តើមប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀនអាមេរិកឡាទីន៕

ដោយ៖ ពេជ្រ
