អាជ្ញាធរទួរគី បានរៀបចំពិធីបុណ្យកាន់ទុក្ខ នៅព្រឹកថ្ងៃសៅរ៍ ជូនចំពោះមន្ត្រីលីប៊ីចំនួន ៥ នាក់ រួមទាំងប្រមុខយោធាលីប៊ីភាគខាងលិច ដែលស្លាប់នៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះ កាលពីដើមសប្តាហ៍នេះ។

យន្តហោះឯកជនរបស់លោកឧត្តមសេនីយ៍ Muhammad Ali Ahmad al-Haddad ដែលរួមមានមន្ត្រីយោធា ៥ នាក់ផ្សេងទៀត បានធ្លាក់ កាលពីថ្ងៃអង្គារ បន្ទាប់ពីហោះឡើងចេញពីទីក្រុងអង់ការ៉ា រដ្ឋធានីប្រទេសទួរគី។
មន្ត្រីលីប៊ី បានបញ្ជាក់ថា មូលហេតុនៃការធ្លាក់យន្តហោះ គឺអាចបណ្ដាលមកពីបញ្ហាបច្ចេកទេស។
លោក Al-Hadad គឺជាមេបញ្ជាការយោធាកំពូលនៅភាគខាងលិចប្រទេសលីប៊ី និងបានដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តសម្របសម្រួលដោយអង្គការសហប្រជាជាតិ ដើម្បីបង្រួបបង្រួមយោធាលីប៊ី។

គណៈប្រតិភូលីប៊ីជាន់ខ្ពស់ដែលស្ថិតលើយន្តហោះ បាននឹងកំពុងធ្វើដំណើរត្រឡប់ទៅទីក្រុងទ្រីប៉ូលី រដ្ឋធានីរបស់ប្រទេសលីប៊ីវិញ បន្ទាប់ពីបញ្ចប់កិច្ចចរចាការពារជាតិនៅទីក្រុងអង់ការ៉ា ដែលមានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរ។
ពិធីបុណ្យនេះ នឹងធ្វើឡើងនៅមូលដ្ឋានទ័ពអាកាស Murted ជិតទីក្រុងអង់ការ៉ា និងមានការចូលរួមពីប្រធានយោធាទួរគី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ៕


ដោយ៖ ពេជ្រ
