ទីក្រុងប៉េកាំង បានប្រកាសដាក់ទណ្ឌកម្ម កាលពីថ្ងៃសុក្រ ប្រឆាំងនឹងក្រុមហ៊ុនការពារជាតិអាមេរិកចំនួន ២០ និងនាយកប្រតិបត្តិចំនួន ១០ នាក់ មួយសប្តាហ៍បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន លក់អាវុធទ្រង់ទ្រាយធំទៅឱ្យតៃវ៉ាន់។

យោងតាមក្រសួងការបរទេសចិន បានឱ្យដឹងថា ទណ្ឌកម្មនេះពាក់ព័ន្ធនឹងការបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុននៅក្នុងប្រទេសចិន និងហាមឃាត់បុគ្គល និងអង្គការមិនឱ្យធ្វើពាណិជ្ជកម្មជាមួយចិន។
ក្រុមហ៊ុនទាំងនោះរួមមាន Northrop Grumman Systems Corporation, L3Harris Maritime Services និង Boeing នៅ St. Louis ខណៈដែលស្ថាបនិកក្រុមហ៊ុនការពារជាតិ Anduril Industries គឺលោក Palmer Luckey ជានាយកប្រតិបត្តិម្នាក់ក្នុងចំណោមនាយកប្រតិបត្តិដែលត្រូវបានដាក់ទណ្ឌកម្ម ដែលមិនអាចធ្វើអាជីវកម្មនៅក្នុងប្រទេសចិនបានទៀតទេ ហើយត្រូវបានហាមឃាត់មិនឱ្យចូលប្រទេសនេះ។ ទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងប្រទេសអាស៊ីបូព៌ាក៏ត្រូវបានបង្កកផងដែរ។
ការប្រកាសអំពីកញ្ចប់លក់អាវុធរបស់សហរដ្ឋអាមេរិក ដែលមានតម្លៃជាង ១០ ពាន់លានដុល្លារទៅឱ្យតៃវ៉ាន នាំឱ្យមានការឆ្លើយតបយ៉ាងខឹងសម្បារពីប្រទេសចិន ដែលអះអាងថាតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយថាត្រូវតែស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន៕



ដោយ៖ ពេជ្រ
