ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា យោធាអាមេរិក បើកការវាយប្រហារដ៏ខ្លាំងក្លា និងសាហាវមួយប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម (IS) នៅភាគពាយ័ព្យប្រទេសនីហ្សេរីយ៉ា។

លោក ត្រាំ បានបង្ហោះលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម Truth Social ថា តាមការបទបញ្ជារបស់ខ្ញុំក្នុងនាមជាអគ្គមេបញ្ជាការ សហរដ្ឋអាមេរិក បានបើកការវាយប្រហារដ៏ខ្លាំងក្លា និងសាហាវមួយប្រឆាំងនឹងក្រុមភេរវករ ISIS នៅភាគពាយ័ព្យប្រទេសនីហ្សេរីយ៉ា ដែលបានកំណត់គោលដៅ និងសម្លាប់យ៉ាងឃោរឃៅ ជាពិសេសលើគ្រិស្តបរិស័ទស្លូតត្រង់ ក្នុងកម្រិតដែលមិនធ្លាប់មានអស់រយៈពេលជាច្រើនឆ្នាំ។
លោក ត្រាំ បានឱ្យដឹងថា ក្រសួងសង្គ្រាម ធ្វើការវាយប្រហារជាច្រើនលើកច្រើនសារ ដោយសន្យាថា សហរដ្ឋអាមេរិកនឹងមិនអនុញ្ញាតឱ្យភេរវកម្មអ៊ីស្លាមរ៉ាឌីកាល់ កាន់តែរីករាលដាលច្រើនឡើយ។
កាលពីថ្ងៃទី ៣១ ខែតុលា លោក ត្រាំ អះអាងនៅលើ Truth Social ថា គ្រិស្តបរិស័ទរាប់ពាន់នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសនីហ្សេរីយ៉ា ដោយ “ពួកឥស្លាមជ្រុលនិយម” ។

ទន្ទឹមនោះ ភ្លាមៗ រដ្ឋាភិបាលនីហ្សេរីយ៉ា បានបដិសេធចំពោះការអះអាងរបស់លោក ត្រាំ នេះផងដែរ ថាជាការចោទប្រកាន់មិនពិត។
លោក ត្រាំ ក៏បានចោទប្រកាន់រដ្ឋាភិបាលនីហ្សេរីយ៉ាថា មិនបានធ្វើអ្វីគ្រប់គ្រាន់ ដើម្បីទប់ស្កាត់ការសម្លាប់គ្រិស្តបរិស័ទឡើយ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ១ ខែវិច្ឆិកា លោក ត្រាំ បានគំរាមកំហែងថា កងកម្លាំងសហរដ្ឋអាមេរិក អាចនឹងកំណត់គោលដៅនៅប្រទេសនីហ្សេរីយ៉ា ក្នុងការលុបបំបាត់ភេរវករឥស្លាមដែលកំពុងប្រព្រឹត្តអំពើឃោរឃៅដ៏គួរឱ្យភ័យខ្លាចទាំងនេះ៕

ដោយ៖ ពេជ្រ
