ខេត្តរតនគិរី÷ នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ខាត់ សាម៉ាល់ លេខាធិការគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងលោកនាយកសាខា លោកអនុប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងយុវជនកាកបាទក្រហម បានចុះសួរសុខទុក្ខ គ្រួសារវីរយុទ្ធជន១នាក់ ដែលកំពុងសម្រាលកូន និងវីរយុទ្ធជន៥នាក់ទៀត ដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត។ គ្រួសារវីរយុទ្ធជន និងវីរយុទ្ធជនខាងលើ មានទីលំនៅភូមិល្អឺនជង ឃុំអូរជុំ ២នាក់ ភូមិកាំ ឃុំល្អក់ ២នាក់ និងភូមិភ្លឺតូច ឃុំតាវែងលើ ស្រុកតាវែង ២នាក់។

លោក ខាត់ សាម៉ាល់ លេខាធិការគណៈកម្មការសាខាកាកបាទក្រហមកម្ពុជាខេត្តបានជម្រាបជូនពីក្តីអាណិតអាសូរ និងក្តីបារម្ភទាំងថ្ងៃទាំងយប់ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងលោក ញ៉ែម សំអឿន ប្រធានគណៈកម្មាធិការសាខា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនជួរមុខយើង ដែលបានលះបង់ឪពុកម្តាយ គ្រួសារ ប្រពន្ធ កូន ទៅបំពេញបេសកកម្មការពារជាតិ ការពារបូរណភាពទឹកដី ប្រឆាំងនឹងការឈ្លានពាននៅតាមព្រំដែន បានរងផ្សែងពុលខ្សោយកម្លាំង ត្រូវអនុញ្ញាតឲ្យមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនេះ។
លោក ខាត់ សាម៉ាល់ បានបន្តថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចប្រធាន តែងតែ បានណែនាំឲ្យគ្រប់បណ្តាញការងារគ្រប់ថ្នាក់ របស់កាកបាទក្រហមកម្ពុជា យកចិត្តទុកដាក់ ជួយដោះស្រាយសម្រាលទុក្ខលំបាកដល់ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះ ឲ្យទាន់ពេលវេលា ពិសេសត្រូវគិតគូរ ផ្តោតអាទិភាពទៅលើគ្រួសារវីរយុទ្ធជនជួរមុខ យោធិនរបួស ពិការ យោធិនមានជំងឺដែលបានលះបង់សាច់ស្រស់ឈាមស្រស់ការពារបូរណភាពទឹកដីខ្មែរពីចោរឈ្លានពានសៀម។

ក្នុងឱកាសនោះដែរ លោក ខាត់ សាម៉ាល់ និងក្រុមការងារ បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលបានយកចិត្តទុក្ខដាក់ព្យាបាលដល់វីរយុទ្ធជនយើង និងសូមសាច់ញាតិក្រុមគ្រួសារ និងសាមីខ្លួនផ្ទាល់ខិតខំថែទាំសុខភាពអោយបានល្អ ដោយអនុវត្តតាមវេជ្ជបញ្ជាគ្រូពេទ្យឲ្យបានខ្ជាប់ខ្ជួន និងជូនពរឆាប់ជាសះស្បើយពីជំងឺ។
អំណោយមនុស្សធម៌ផ្តល់ជូនក្នុង១នាក់ទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ៦ដប, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និង ថវិកាមួយចំនួនផងដែរ។ ចំពោះគ្រួសារវីរយុទ្ធជនបន្ថែមឃីតទារកមានៈ ពូកឈុតកូនក្មេង ១ មុងគ្រប១ មួកកូនក្មេង ១ ស្រោមដៃ ជើងកូនក្មេង ១គូរ ខោអាវកូនង៉ែត ១ឈុត កន្សែងពោះគោ ១ ម្សៅកូនក្មេង ១កំប៉ុង សាប៊ូកូនក្មេង ១ដប៕





