ខេត្តរតនគិរី៖ ប្រជាពលរដ្ឋរស់នៅកណ្តាលក្រុងបានលុង បានបង្ហាញការរិះគន់ចំពោះសេវាប្រមូលសំរាមរបស់ក្រុមហ៊ុន (អេស.អឹម.ធី ហ្សេត ឯ.ក) ដោយអះអាងថា រថយន្តប្រមូលសំរាមមិនបានមកយកសំរាមតាមពេលវេលា បណ្ដាលឲ្យសំរាមគរទុកចោលជាច្រើនថ្ងៃ ធ្វើឲ្យហៀហូ ចេញទឹក និងធំក្លិនស្អុយខ្លាំង រំខានដល់ការរស់នៅ និងសុខភាព។

ជាក់ស្តែង សំរាមត្រូវបានគរទុកពាសពេញមុខផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងសង្កាត់ចំនួន២ គឺសង្កាត់ឡាបានសៀក និងសង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ខណៈដែលមិនឃើញរថយន្តក្រុមហ៊ុនប្រមូលសំរាម មកយកចេញអស់រយៈពេលជាងមួយសប្តាហ៍ហើយ។
ប្រជាពលរដ្ឋបានរៀបរាប់ថា កាលពីមុន រថយន្តប្រមូលសំរាមតែងតែមកយករៀងរាល់ ៣ ទៅ ៤ ថ្ងៃម្តង ប៉ុន្តែពេលនេះមិនដឹងមូលហេតុអ្វី ទើបបណ្ដាលឲ្យមានការយឺតយ៉ាវយ៉ាងខ្លាំង ធ្វើឲ្យសំរាមកកស្ទះ និងបង្កក្លិនស្អុយពិបាកទ្រាំ។

ជុំវិញបញ្ហានេះ លោក កេត ពិសិដ្ឋ តំណាងក្រុមហ៊ុនប្រមូលសំរាម បានបញ្ជាក់នៅរសៀលថ្ងៃទី២ ខែកុម្ភៈ ថា ការយឺតយ៉ាវក្នុងការប្រមូលសំរាម គឺបណ្តាលមកពីរថយន្តខូចចំនួន ២ គ្រឿង ក្នុងនោះមួយគ្រឿងបានជួសជុលរួចរាល់ និងកំពុងដំណើរការប្រមូលសំរាមវិញ ខណៈមួយគ្រឿងទៀត កំពុងស្ថិតក្នុងការជួសជុល មិនទាន់រួចរាល់នៅឡើយ។
លោកបានបន្ថែមថា មុនពេលរថយន្តខូច ក្រុមហ៊ុនបានដំណើរការប្រមូលសំរាមរៀងរាល់ ៣ ទៅ ៤ ថ្ងៃម្តង ហើយសម្រាប់ករណីនេះ ក្រុមហ៊ុនក៏បានជម្រាបជូនប្រជាពលរដ្ឋជាមុន តាមរយៈអ្នកប្រមូលថ្លៃសេវាសំរាម ដើម្បីកុំឲ្យមានការរង់ចាំ និងការយល់ច្រឡំ៕


