មន្ទីរបញ្ចកោណ បានឱ្យដឹងថា យោធាសហរដ្ឋអាមេរិក បានវាយប្រហារនាវាមួយគ្រឿងដែលចោទប្រកាន់ថារត់ពន្ធគ្រឿងញៀននៅក្នុងដែនទឹកអន្តរជាតិនៅប៉ាស៊ីហ្វិកខាងកើត។ នេះបើយោងតាមមន្ទីរបញ្ចកោណ។

ប្រភពមន្ទីរបញ្ចកោណ បានបង្ហោះនៅលើ X ថា ភ្នាក់ងារស៊ើបការណ៍សម្ងាត់ បញ្ជាក់ថានាវានោះ ធ្វើដំណើរនៅប៉ាស៊ីហ្វិកខាងកើត បំណងចូលរួមប្រតិបត្តិការជួញដូរគ្រឿងញៀន។ ភេរវករគ្រឿងញៀនប្រុសសរុបចំនួន ៤ នាក់ត្រូវបានសម្លាប់ ហើយគ្មានកងកម្លាំងយោធាអាមេរិកណាម្នាក់រងរបួសនោះទេ។
ការវាយប្រហារធ្វើឡើងតាមការណែនាំរបស់រដ្ឋមន្ត្រីក្រសួងសង្គ្រាមសហរដ្ឋអាមេរិកលោក Pete Hegseth ដ៏សាហាវលើនាវាមួយដែលដំណើរការដោយអង្គការភេរវករនៅក្នុងដែនទឹកអន្តរជាតិ។
កាលពីខែសីហា កាសែត The New York Times រាយការណ៍ថា លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាសម្ងាត់មួយដើម្បីចាប់ផ្តើមប្រើប្រាស់កម្លាំងយោធាប្រឆាំងនឹងក្រុមជួញដូរគ្រឿងញៀនអាមេរិកឡាទីន។ ក្រោយមក អង្គភាពយោធាអាមេរិក ត្រូវបានដាក់ពង្រាយទៅកាន់តំបន់សមុទ្រការ៉ាប៊ីន។ បន្ទាប់មកទីក្រុងវ៉ាស៊ីនតោន បានចាប់ផ្តើមបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងទូកដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក អះអាងថា កំពុងដឹកជញ្ជូនគ្រឿងញៀនទៅកាន់សហរដ្ឋអាមេរិកនៅសមុទ្រការ៉ាប៊ីន និងមហាសមុទ្រប៉ាស៊ីហ្វិកខាងកើត។ កាលពីខែវិច្ឆិកា មន្ទីរបញ្ចកោណ បានប្រកាសថា ក្រុមនាវាចម្បាំងអាមេរិកដឹកនាំដោយនាវាផ្ទុកយន្តហោះ Gerald R. Ford បានចូលទៅក្នុងតំបន់ទទួលខុសត្រូវរបស់បញ្ជាការភាគខាងត្បូងសហរដ្ឋអាមេរិក ដើម្បីប្រយុទ្ធប្រឆាំងនឹងការរត់ពន្ធគ្រឿងញៀននៅក្នុងតំបន់៕

ដោយ៖ ពេជ្រ
