ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានព្រមាន កាលពីថ្ងៃពុធថា ទីក្រុងមូស្គូ នឹងស្វែងរកការពង្រីកផលប្រយោជន៍របស់ខ្លួននៅក្នុងជម្លោះជាមួយប្រទេសអ៊ុយក្រែន ប្រសិនបើទីក្រុងគៀវ និងសម្ព័ន្ធមិត្តលោកខាងលិច បដិសេធការទាមទាររបស់វិមានក្រឹមឡាំងនៅក្នុងកិច្ចចរចាសន្តិភាព។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានជំរុញផ្នែកការទូតយ៉ាងទូលំទូលាយ ដើម្បីបញ្ចប់ការប្រយុទ្ធគ្នាជិត ៤ ឆ្នាំ បន្ទាប់ពីការឈ្លានពានទ្រង់ទ្រាយធំរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ២០២២ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន តែងតែមានការខ្វែងគំនិតគ្នារវាងទីក្រុងមូស្គូ និងទីក្រុងគៀវ។
ថ្លែងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំជាមួយមន្ត្រីយោធាជាន់ខ្ពស់ លោកពូទីន បាននិយាយថា ទីក្រុងមូស្គូ ចង់សម្រេចគោលដៅរបស់ខ្លួន និងបញ្ចប់ឬសគល់នៃជម្លោះដោយមធ្យោបាយការទូត ប៉ុន្តែបើផ្ទុយពីអ្វីដែលគ្រោងទុកនោះ រុស្ស៊ី នឹងធ្វើតាមមធ្យោបាយយោធាបន្តទៀត។

លោក ពូទីន កំពុងសំដៅទៅលើទឹកដីអ៊ុយក្រែនដែលរុស្ស៊ីដណ្តើមយក ខណៈសកម្មភាពនេះ ត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយនៅលោកខាងលិច ថាជាការរំលោភលើអធិបតេយ្យភាពរបស់អ៊ុយក្រែន និងជាទង្វើឈ្លានពាន។
លោក ពូទីន អះអាងថា កងទ័ពរុស្ស៊ីបានដណ្តើមយក និងកំពុងកាន់ជំហរយ៉ាងរឹងមាំនូវគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រនៅទូទាំងខ្សែត្រៀមជួរមុខ ហើយព្រមានថា ទីក្រុងមូស្គូនឹងចាត់វិធានការពង្រីក «តំបន់សន្តិសុខសតិបណ្ដោះអាសន្ន» តាមបណ្តោយព្រំដែនរុស្ស៊ី ផងដែរ៕

ដោយ៖ ពេជ្រ
