ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយមុខអ្នកសារព័ត៌មាននៅសេតវិមានថា ជាការពិតដែលថាប្រទេសអ៊ុយក្រែន បានបាត់បង់ទឹកដីរបស់ខ្លួនមួយចំនួនរួចទៅហើយ។

ការលើកឡើងរបស់លោក ត្រាំ គឺឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរទាក់ទងនឹងការធានាការធ្វើសម្បទានទឹកដីរបស់ប្រទេសអ៊ុយក្រែន ដែលអាចកើតមាន ដើម្បីដូរយកសន្តិភាព។
លោក ត្រាំ បានបន្ថែមថា យើងកំពុងធ្វើការជាមួយអឺរ៉ុបលើបញ្ហានេះ។ អឺរ៉ុបនឹងក្លាយជាផ្នែកធំមួយនៃរឿងនេះ ហើយយើងកំពុងធ្វើការលើការធានាសន្តិសុខ ដើម្បីកុំឱ្យសង្គ្រាមផ្ទុះឡើងម្ដងទៀត។
ផែនការសន្តិភាព ២៨ ចំណុចរបស់សហរដ្ឋអាមេរិក តម្រូវឱ្យអ៊ុយក្រែន ធ្វើសម្បទានទឹកដី ដែលលោក ហ្សេលេនស្គី យល់ថាជាការលះបង់យ៉ាងធ្ងន់ធ្ងរមិនធ្លាប់មាន ដោយលោក ទាមទារឱ្យមានការពិនិត្យឡើងវិញត្រង់ចំណុចទាំងអស់ឡើងវិញ៕

ដោយ៖ ពេជ្រ
