​ភាគីចិនប្រើពាក្យ “មិនអនុញ្ញាតជាដាច់ខាត”ចំនួនបី ដើម្បីដាស់តឿនឱ្យភាគីជប៉ុនកាត់ផ្តាច់ទាំងស្រុងពីយោធានិយម

កាលពីថ្ងៃទី១២ខែធ្នូ លោក Guo Jiakun អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ ពេលឆ្លើយសំណួរអំពីទិវាជាតិលើកទី១២ដើម្បីគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍សម្លាប់រង្គាលនៅក្រុង Nanjing លោក Guo Jiakun បានថ្លែងថា ឆ្នាំនេះជាខួបទី៨៨នៃការកើតឡើងហេតុការណ៍សម្លាប់រង្គាលនៅក្រុង Nanjing ដោយអនុលោមទៅតាមសេចក្ដីសម្រេចនីតិបញ្ញត្តិនៃសភាតំណាងប្រជាជនទូទាំងប្រទេសចិន ភាគីចិននឹងរៀបចំធ្វើពិធីគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍សម្លាប់រង្គាលនៅក្រុង Nanjing តាមទម្លាប់ ។

លោក Guo Jiakun បានលើកឡើងថា ឆ្នាំនេះជាខួបទី៨០នៃថ្ងៃជ័យជម្នះនៃសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុននិងសង្គ្រាមពិភពលោកប្រឆាំងនឹងហ្វាស៊ីស ហើយក៏ជាខួបទី៨០នៃការស្តារអធិបតេយ្យភាពរបស់ចិនចំពោះតៃវ៉ាន់ឡើងវិញផងដែរ ។ រយៈពេល៨០ឆ្នាំក្រោយមក និន្នាការស្តារភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញគឺមិនអាចរារាំងបានទេ យើងមិនអនុញ្ញាតជាដាច់ខាតឱ្យកម្លាំងស្តាំនិយមរបស់ជប៉ុនដើរបញ្ច្រាសពីប្រវត្តិសាស្ត្រ មិនអនុញ្ញាតជាដាច់ខាតឱ្យកម្លាំងខាងក្រៅជ្រៀតជ្រែកកិច្ចការតំបន់តៃវ៉ាន់របស់ចិន ហើយក៏មិនអនុញ្ញាតជាដាច់ខាតឱ្យយោធានិយមជប៉ុនរស់ឡើងវិញដែរ ។ យោធានិយមរបស់ជប៉ុនជាសត្រូវរួមរបស់ប្រជាជនទូទាំងពិភពលោក ។ ភាគីចិននឹងរួមជាមួយប្រទេសនិងឥស្សរជនដែលស្រឡាញ់សន្តិភាពទាំងអស់គាំពារសមិទ្ធផលជ័យជម្នះនៃសង្គ្រាមលោកលើកទីពីរនិងរបៀបរៀបរយអន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ។ យើងសូមដាស់តឿនឱ្យភាគីជប៉ុនពិចារណាយ៉ាងស៊ីជម្រៅពីកំហុសក្នុងប្រវត្តិសាស្ត្រ ក្រេបយកមេរៀនក្នុងប្រវត្តិសាស្ត្រយ៉ាងប្រាកដប្រជា កាត់ផ្តាច់យ៉ាងជ្រះឱ្យស្រឡះពីយោធានិយម ដើម្បីបំបាត់ចោលសារជាតិពុលដែលនៅសេសសល់តាមរយៈសកម្មភាពជាក់ស្តែង ៕

Written by 

Related posts

Leave a Comment