របាយការណ៍របស់សារព័ត៌មាន Associated Press ចុះផ្សាយថា កិច្ចព្រមព្រៀងសន្តិភាព ២ ក្នុងចំណោម ៨ ដែលសម្របសម្រួលដោយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ជិតបរាជ័យ។

យោងតាមភ្នាក់ងារដដែល រាយការណ៍ថា តិចជាងមួយសប្តាហ៍មកហើយ ដែលប្រទេសកុងហ្គោ និងរវ៉ាន់ដា ចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្រោមវត្តមានលោក ត្រាំ នៅទីក្រុងវ៉ាស៊ីនតោន ដែលតម្រូវឱ្យភាគីទាំង ២ បញ្ឈប់ការប្រយុទ្ធគ្នានៅភាគខាងកើតនៃប្រទេសកុងហ្គោ។
ទន្ទឹមនោះ តិចជាងពីរខែ ដែលប្រទេសថៃ និងកម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់នៅម៉ាឡេស៊ី ដើម្បីបញ្ចប់ជម្លោះព្រំដែន។
មន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋបាលលោក ត្រាំ បាននិយាយថា ប្រធានាធិបតីអាមេរិក រំពឹងថាប្រទេសថៃ និងកម្ពុជា ក៏ដូចជារវ៉ាន់ដា និងកុងហ្គោ នឹងគោរពការប្តេជ្ញាចិត្ត ដើម្បីបញ្ឈប់ការប្រឈមមុខដាក់គ្នា។

មេដឹកនាំនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ និងរវ៉ាន់ដា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី ៤ ខែធ្នូ ដែលចែងអំពីបទឈប់បាញ់ជាអចិន្ត្រៃយ៍ ការរំសាយអាវុធរបស់កងកម្លាំងមិនមែនរដ្ឋាភិបាល និងការចោទប្រកាន់ពីបទឧក្រិដ្ឋ។ ទោះជាយ៉ាងណាក៏ដោយ បីថ្ងៃក្រោយមក ប្រធានាធិបតីកុងហ្គោ លោក Felix Tshisekedi បានចោទប្រកាន់រវ៉ាន់ដាថា រំលោភលើការប្តេជ្ញាចិត្តក្រោមកិច្ចព្រមព្រៀងនេះ។
ដោយឡែក កាលពីខែតុលា នាយករដ្ឋមន្ត្រីនៃប្រទេសថៃ និងកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពមួយ ក្រោមវត្តមានលោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧ នៅទីក្រុងគូឡាឡាំពួរ។ ទោះជាយ៉ាងណាក៏ដោយ ការប្រយុទ្ធគ្នាបានផ្ទុះឡើងម្តងទៀតនៅតាមព្រំដែន ដោយភាគីថៃ ចាប់ផ្ដើមបើកការវាយប្រហារលើប្រទេសកម្ពុជា កាលពីថ្ងៃទី ៧ ខែធ្នូ ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក ម៉ាកូ រូប៊ីអូ បានថ្លែងថា ទីក្រុងវ៉ាស៊ីនតោន មានការព្រួយបារម្ភអំពីអរិភាពដែលកំពុងបន្តកើតមាន។ ខណៈលោក ត្រាំ បាននិយាយថា នឹងហៅទូរស័ព្ទទៅកាន់មេដឹកនាំនៃប្រទេសជម្លោះ នៅពេលក្រោយ៕

ដោយ៖ពេជ្រ
