ម៉ាឌូរ៉ូ ឱ្យអាមេរិក បោះចោលគោលនយោបាយប្តូររបបនៅវេណេស៊ុយអេឡា និងអាមេរិកឡាទីន

ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានជំរុញឱ្យសហរដ្ឋអាមេរិក លុបចោលគោលនយោបាយជ្រៀតជ្រែក ការផ្លាស់ប្តូររបប និងរដ្ឋប្រហាររដ្ឋនៅក្នុងប្រទេសវេណេស៊ុយអេឡា និងអាមេរិកឡាទីន។

លោក បានលើកឡើងក្នុងកិច្ចប្រជុំដ៏ធំមួយនៅក្នុងទីក្រុងការ៉ាកាសថា យើងទាមទារឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិក បញ្ឈប់ការជ្រៀតជ្រែកខុសច្បាប់ និងតឹងរ៉ឹងរបស់ខ្លួនចូលទៅក្នុងកិច្ចការផ្ទៃក្នុងរបស់វេណេស៊ុយអេឡា និងអាមេរិកឡាទីន ដោយបោះបង់ចោលគោលនយោបាយផ្លាស់ប្តូររបប រដ្ឋប្រហាររដ្ឋ និងការឈ្លានពាន។

លោក បានសង្កត់ធ្ងន់ថា ប្រទេសវេណេស៊ុយអេឡា ជាកម្មសិទ្ធិរបស់ប្រជាជនដ៏ថ្លៃថ្នូរ និងក្លាហាន ហើយមិនដែលជាអាណានិគមរបស់ចក្រភពណាមួយឡើយ។

លោក បានបន្ថែមថា ទ្រព្យសម្បត្តិវេណេស៊ុយអេឡា នឹងមិនត្រូវបានប្លន់យកឡើយ ទាំងដោយពួកឈ្លានពានហ្គ្រីងហ្គោ ឬដោយចក្រភពណាមួយឡើយ។

ទន្ទឹមនោះ លោក បានព្រមានថា ប្រជាជនប្រទេសវេណេស៊ុយអេឡានឹងកាន់អាវុធ ប្រើមីស៊ីល និងរថក្រោះដើម្បីការពារប្រទេសពីចក្រភពឈ្លានពានណាមួយ។

លោក បន្តថា ប្រជាជននៃពិភពលោកនឹងគាំទ្រប្រទេសវេណេស៊ុយអេឡា ហើយនឹងមានការធានាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រទេស។

ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បាននិយាយម្តងហើយម្តងទៀតថា ប្រទេសរបស់លោក កំពុងប្រឈមមុខនឹងការគំរាមកំហែងធ្ងន់ធ្ងរបំផុតនៃការឈ្លានពានពីសហរដ្ឋអាមេរិកមិនធ្លាប់មានក្នុងរយៈពេល ១០០ ឆ្នាំ កន្លងមកនេះ។ លោក ថា សហរដ្ឋអាមេរិក កំពុងស្វែងរកការដណ្តើមយកតំបន់ប្រេងធំជាងគេបំផុតរបស់ពិភពលោកនៅក្នុងប្រទេសវេណេស៊ុយអេឡា៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment