ប្រកាសតែងតាំង លោក សុខ សីហា ចូលកាន់តំណែងជាប្រធានមន្ទីរប្រៃសណីយ៍ខេត្តស្វាយរៀងជំនួសលោក គង់ សេរីវុធ ដែលចូលនិវត្តន៍

លោក សុខ សីហា ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្តស្វាយរៀង ថ្មី ជំនួសលោក គង់ សេរីវុធ ដែលចូលនិវត្តន៍។ ពិធីចូលកាន់តំណែងកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតក្រោមវត្តមាន លោក ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍,​ លោក​ ម៉ែន​ វិបុល​ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក​ ប៉េង​ ពោធិ៍សា​  អភិបាលខេត្ត​ រួមទាំងគណៈប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​។

លោក ខាយ ឃុនហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ ចូលរួមអបអរសាទរចំពោះលោកប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តស្វាយរៀងថ្មី ដែលត្រូវប្រកាសចូលកាន់មុខតំណែងថ្មី។ លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់ លំដាប់ថ្នាក់ នៃមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ទាំងក្នុងរយៈកាល នៃការដឹកនាំ របស់លោក គង់ សេរីវុធ អតីតប្រធានមន្ទីរដែលដល់អាយុចូលនិវត្តន៍ និងក្នុងអំឡុងពេល អន្តរកាលក្រោមការដឹកនាំរបស់លោកស្រី ស្រី វណ្ណរ៉េន កន្លងមក បានយកអស់កម្លាំងកាយចិត្ត ដឹកនាំអនុវត្តការងារតាមតួនាទី ភារកិច្ច ប្រកបដោយការទទួលខុសត្រូវ សហការ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ធានាបាននូវនិរន្តភាព នៃការដឹកនាំការអនុវត្តការងារប្រៃសណីយ៍ និង ទូរគមនាគមន៍ ស្របតាមយុទ្ធសាស្ត្រ និងកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល គោលការណ៍ ផែនការយុទ្ធសាស្ត្ររបស់ក្រសួង ទិសដៅការងាររបស់រដ្ឋបាលខេត្ត និងផែនការការងាររបស់ មន្ទីរ ដោយទទួលបានលទ្ធផលល្អប្រសើរជាបន្តបន្ទាប់ ក្នុងការជំរុញការអភិវឌ្ឍ និងលើក កម្ពស់វិស័យប្រៃសណីយ៍ និងទូរគមនាគមន៍នៅក្នុងខេត្ត ឲ្យមានការរីកចម្រើន ជាពិសេស ក្នុងការជួយសម្របសម្រួល និងចូលរួមសហការក្នុងការអនុវត្តវិធានការទប់ស្កាត់ និងបង្ក្រាប ករណីលួចលាក់ និងបង្កប់សារធាតុញៀននៅក្នុងកញ្ចប់បញ្ញើប្រៃសណីយ៍ ដែលធ្លាប់បាន កើតមានឡើងនៅក្នុងខេត្តរបស់យើងនាពេលកន្លងមក៕

Written by 

Related posts

Leave a Comment