អភិបាលខេត្តរតនគិរី៖ ផ្លូវជាតិលេខ78C (អូរជុំ-វើនសៃ) ជាផ្លូវសេដ្ឋកិច្ចមួយដ៏សំខាន់ ដើម្បីបំរើឱ្យផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងការដឹកកសិផលផ្សេងៗ ដែលប្រមូលផលបានទៅកាន់ទីផ្សារ

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងថា ផ្លូវជាតិលេខ78C (អូរជុំ-វើនសៃ) ជាផ្លូវសេដ្ឋកិច្ចមួយដ៏សំខាន់ ដើម្បីបំរើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងស្រុកទាំង២ ក្នុងការដឹកកសិផលផ្សេងៗ ដែលប្រមូលផលបាន ទៅកាន់ទីផ្សារ ក៏ដូចជាការងាយស្រួលក្នុងការដឹកសំភារៈឧបភោគបរិភោក និងសំភារៈសំណង់ ដែលផ្គត់ផ្គង់ដល់ជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

ការលើកឡើងរបស់ឯកឧត្តម ញ៉ែម សំអឿន យ៉ាងដូច្នេះក្នុងឱកាសដែល ឯកឧត្តមនិងលោកជំទាវ អញ្ជើញបើកការដ្ឋានជួសជុលផ្លូវជាតិលេខ 78c ប្រវែង២៨០០ម ទទឹង ៧ម ជាប្រភេទគ្រឹះថ្មម៉ិច និងក្រាលកៅស៊ូពីរជាន់ (DBST) របស់មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត ព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅស្រុកអូរជុំ ខេត្តរតនគិរី។

ឯកឧត្តមបានបន្តថា ម្រាប់ផ្លូវជាតិលេខ 78C នេះ ពិតជាបំរើផលប្រយោជន៍ ដល់ស្រុកអូរជុំ ស្រុកវើនសៃ រួមមានប្រជាជន ក្នុងឃុំកាឡៃ និងឃុំអូរជុំ ដែលតភ្ជាប់ពីស្រុកអូរជុំ ស្រុកវើនសៃ ទៅកាន់ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង និងពីស្រុកវើនសៃ ស្រុកអូរជុំ មកកាន់ផ្លូវជាតិលេខ៧៨ ទីរួមខេត្តរតនគិរី។ដើម្បីដំណើការជួសជុល ផ្លូវនេះអោយទទួលបានជោគជ័យ ឯកឧត្តម ញ៉ែម សំអឿន បានស្នើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជួយ សហការ កុំដឹកជញ្ជូនសំពីងសំពោង និងដឹកគ្រួស ថ្ម ខ្សាច់ ដោយធ្វើការវិចខ្ចប់ឱ្យបានត្រឹមត្រូវ។ ពិសេសអាជ្ញាធរដែនដី នៃ ស្រុកទាំង២ មេត្តាផ្សព្វផ្សាយអោយបានទូលំទូលាយ ដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលរស់នៅ តាមបណ្តោយផ្លូវ សូមចូលរួម សហការសម្របសម្រួលរាល់បញ្ហា ដែលប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ។

ឯកឧត្តម អភិបាលខេត្ត បានលើកឡើងថា ស្របទៅនឹងស្ថានភាពនៃសុខសន្តិភាព និងស្ថិរភាពនយោបាយ ដែលប្រទេសជាតិ មាននាពេលបច្ចុប្បន្ន កត្តាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម ជាបុរេលក្ខខណ្ឌដ៏ចាំបាច់ និងអាទិភាពបំផុត ដែលទាមទារឲ្យយើងត្រូវរួមគ្នាធានាឲ្យបាននូវ កត្តាសុខសន្តិភាព ស្ថិរភាព នយោបាយ និងសន្ដិសុខសណ្ដាប់ធ្នាប់សង្គមនេះ ជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ ប្រទេសជាតិ។ ដូច្នេះ អាជ្ញាធរនៅតាមមូលដ្ឋានក្រុង ស្រុក ឃុំសង្កាត់ ត្រូវបង្កើនការផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋ សំខាន់ចំពោះសិស្សានុសិស្ស ពីច្បាប់ចរាចរណ៍ និងគ្រឿងញៀន  និងក្តាប់ឲ្យបាននូវរាល់សភាពការណ៍នានា ដែលកើតមាននៅតាមភូមិ ឃុំ ក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើការដោះស្រាយឆ្លើយតបឲ្យបានទាន់ពេលវេលា ក្នុងនោះត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះប្រជាពលដ្ឋ អំពីគោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព ដើម្បីស្តាប់កង្វល់ និងសំណូមពរនានាពីប្រជាពលដ្ឋ និងរួមគ្នាដោះស្រាយ។

សូមបញ្ជាក់ថា បើតាមការលើកឡើង របស់ លោក សាយ សាមាន ប្រធានមន្ទីរសាធារណ ការនិងដឹកជញ្ជូនខេត្តរតនគិរី គម្រោងជួសជុលផ្លូវជាតិលេខ 78c ប្រវែង ២៨០០ម និង ទទឹង៧ម ពី PK 125+900 ដល់ PK 128+700 ជាប្រភេទគ្រឹះថ្មម៉ិច និងក្រាលកៅស៊ូពីរជាន់ (DBST) មានពីរកន្លងដោយប្រើប្រាស់កញ្ចប់ ថវិកាជាតិ តាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូន និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជួសជុលដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី តាមកិច្ចសន្យាដែលបានកំណត់ ក្នុងគម្រោង សម្រាប់ឆ្នាំ២០២៦៕

Written by 

Related posts

Leave a Comment