ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ក្រសួងទេសចរណ៍ សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប (STC) និងមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានរៀបចំពីធីបិទវគ្គបណ្តុះបណ្តាលបដិសណ្ឋារកិច្ច ហូកា និងអមដោយការប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមដែលបានបញ្ជប់ការសិក្សាបដិសណ្ឋារកិច្ច ដោយជោគជ័យក្នុងដំណាក់កាលទី៣ សរុបចំនួន២០០រូប នៅសណ្ឋាគារ ម៉េម័រផាឡេសរីសតនិងស្ប៉ា ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម ង៉ូវ សេងកាក់ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប តំណាងអោយ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងមានការចូលរួមពីភាគីពាក់ព័ន្ធសរុបចំនួនប្រមាណ៣០០រូប។
កម្មវិធីបណ្តុះបណ្តាលនេះរៀបចំឡើងក្រោម សហហិរញ្ញប្បទានពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានបណ្តុះបណ្តាលយុវជនមកពីគ្រួសារក្រីក្រងាយរងគ្រោះ ទូទាំងខេត្តសៀមរាប ក្នុងរយៈ ៨ ខែ ក្នុងការសិក្សាទ្រឹស្តី និងអនុវត្តក្នុងថ្នាក់រយៈពេល៤ខែ និងអនុវត្តផ្ទាល់នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ទៅតាមជំនាញនីមួយៗសរុបចំនួន៤ខែ។ អ្នកជំនាញទេសចរណ៍ថ្មីចំនួន២០០នាក់ខាងលើ បានឆ្លងកាត់ការបណ្តុះបណ្តាលជំនាញចំនួនរួមមាន៖ (១) ជំនាញការិយាល័យជយរមុខ (២) ជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ (៣) ជំនាញគេហកិច្ច (៤) ជំនាញចុងភៅ ដោយបានប្រើប្រាស់កម្មវិធិសិក្សារបស់កម្មវិធីបណ្តុះបណ្តាល ហូកា នៃក្រសួងទេសចរណ៍ និងកម្មវិធីអភិវឌ្ឍន៍ជំនាញ (SDP) របស់អង្គការស្វីសខន់ថាក់។
សូមបញ្ជាក់ផងដែរថា សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប ដោយទទួលបានសហហិរញ្ញប្បទានពីមូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងការគាំទ្របច្ចេកទេសពីកម្មវិធីបណ្តុះបណ្តាល ហូកា នៃក្រសួងទេសចរណ៍ បានធ្វើការបណ្តុះបណ្តាលយុវជនក្រីក្រងាយរងគ្រោះចំនួន៣វគ្គ ចាប់ពីឆ្នាំ២០២៣ សរុបចំនួន ៧០០រូប ចាក់បញ្ជូលទៅក្នុងទីផ្សារការងារនៅក្នុងខេត្តសៀមរាប ខេត្តព្រះសីហនុ រាជធានីភ្នំពេញ និងបណ្តាខេត្តនានាទាំងទាំងប្រទេស៕








