នាវាដឹកប្រេងដែលបំពាក់ទង់ជាតិរុស្ស៊ី រងការវាយប្រហារជាថ្មីនៅសមុទ្រខ្មៅ

មន្ត្រីទួរគី បានឱ្យដឹងថា នាវាដឹកប្រេងដែលមានទង់ជាតិរុស្ស៊ីមួយគ្រឿង ធ្វើដំណើរទៅកាន់ប្រទេសហ្សកហ្ស៊ី ត្រូវបានវាយប្រហារ នៅសមុទ្រខ្មៅ។ កាលពីសប្តាហ៍មុន អាជ្ញាធររុស្ស៊ី ចោទប្រកាន់ទីក្រុងគៀវថា បានវាយប្រហារលើនាវាពាណិជ្ជកម្មខ្លួន ដោយប្រើប្រាស់យន្តហោះគ្មានមនុស្សបើក។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ អគ្គនាយកដ្ឋានកិច្ចការសមុទ្រនៃក្រសួងដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធទួរគី រាយការណ៍ថា នាវាដឹកប្រេង MIDVOLGA-2 ដែលដឹកប្រេងចេញពីរុស្ស៊ីក៏ ត្រូវបានវាយប្រហារនៅចម្ងាយប្រហែល ៨០ ម៉ាយ (១២០ គីឡូម៉ែត្រ) ពីឆ្នេរសមុទ្ររបស់ខ្លួន។

ភ្លាមៗ យោងតាមមន្ត្រី មិនបានបញ្ជាក់ថា នាវារងការវាយប្រហារដោយអ្វីនោះទេ ខណៈរបាយការណ៍នៃការខូចខាត ក៏មិនត្រូវបានបញ្ជាក់ផងដែរ។

ក្រោយមក ទីភ្នាក់ងារសហព័ន្ធសម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រ និងផ្លូវទឹករបស់រុស្ស៊ីផ្ទាល់ បានបញ្ជាក់ថា នាវានេះត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក ហើយរងការខូចខាតតិចតួចប៉ុណ្ណោះ។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន នាវាដឹកជញ្ជូនប្រេង ២ គ្រឿង ដែលឆ្លងកាត់សមុទ្រខ្មៅរងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក បណ្ដាលឱ្យឆាបឆេះ និងរងការខូចខាត ប៉ុន្តែគ្មានភាគីណាចេញមកទទួលខុសត្រូវនោះទេ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment