នាវាឆ្មាំសមុទ្រចិន បានបណ្តេញនាវាជប៉ុនមួយគ្រឿងដែលឈ្លានពានចូលក្នុងដែនទឹកនៃកោះឌីយ៉ាវយូដែលមានជម្លោះ។ នេះបើយោងតាមសេចក្តីប្រកាសជាផ្លូវការមួយ។

សេចក្តីថ្លែងការណ៍ដដែល បានឱ្យដឹងថា នៅថ្ងៃទី ២ ខែធ្នូ នាវាជប៉ុន ‘Ruibaowan’ បានចូលទៅក្នុងដែនទឹកនៃកោះឌីយ៉ាវយូរបស់ប្រទេសចិន ដោយខុសច្បាប់។ កងនាវាឆ្មាំសមុទ្រចិន ស្របតាមច្បាប់ បានចាត់វិធានការត្រួតពិនិត្យចាំបាច់ និងបានអនុវត្តការព្រមានបណ្តេញចេញ។
ប្រទេសចិន ក៏បានអំពាវនាវឱ្យប្រទេសជប៉ុនបញ្ឈប់សកម្មភាពខុសច្បាប់ទាំងអស់នៅក្នុងដែនទឹកទាំងនេះជាបន្ទាន់ ហើយប្រកាសថាខ្លួននឹងបន្តការល្បាត ដើម្បីការពារអធិបតេយ្យភាពជាតិ។
ភាពតានតឹងលើកោះឌីយ៉ាវយូ បានកើនឡើងបន្ទាប់ពីទីក្រុងតូក្យូ ប្រកាសទិញពីម្ចាស់ឯកជន ដែលជាពលរដ្ឋជប៉ុន ក្នុងខែកញ្ញា ឆ្នាំ ២០១២ ។ ទង្វើនេះ មានការថ្កោលទោសពីប្រទេសចិន។ ចាប់តាំងពីពេលនោះមក នាវាចិន បានធ្វើការល្បាតជាប្រចាំនៅក្បែរកោះនោះ៕


ដោយ៖ ពេជ្រ
