ក្រសួងការបរទេសថៃ បានប្រកាស បន្ទាប់ពីកិច្ចប្រជុំរវាងរដ្ឋមន្ត្រីការបរទេសលោក Sihasak Phuangketkeow និងសមភាគីឥណ្ឌាលោក Subrahmanyam Jaishankar ថាទីក្រុងបាងកក កំពុងទាក់ទងក្រុងដេលី ដើម្បីស្វែងរកការគាំទ្រសម្រាប់ការចូលជាសមាជិកពេញលេញនៃBRICS ។

យោងតាមសេចក្តីថ្លែងការណ៍ បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសថៃ ស្នើសុំការគាំទ្រពីប្រទេសឥណ្ឌា ចំពោះការចូលរួមប្លុក BRICS ខណៈឆ្នាំ ២០២៦ ប្រទេសនេះនឹងធ្វើជាប្រធាន។
ក្រសួង បានកត់សម្គាល់ថា ភាគីទាំងពីរក៏បានពិភាក្សាអំពីបញ្ហាគោលនយោបាយការបរទេសនៅក្នុងបរិបទនៃបញ្ហាប្រឈមភូមិសាស្ត្រនយោបាយបច្ចុប្បន្ន។ ប្រទេសថៃ បានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនក្នុងការសហការជាមួយឥណ្ឌាក្នុងទម្រង់ពហុភាគីផ្សេងៗដើម្បីពង្រឹងការធ្វើសមាហរណកម្មតំបន់។
នៅក្នុងខែមិថុនា ឆ្នាំ ២០២៤ ប្រទេសថៃ បានជូនដំណឹងដល់ប្រទេសរុស្ស៊ី ដែលជាប្រទេសប្រធាន BRICS អំពីចេតនាចូលជាសមាជិកពេញលេញនៃប្លុក។
កាលពីខែធ្នូ ឆ្នាំមុន ប្រទេសថៃ ទទួលបានការអញ្ជើញពីប្រទេសរុស្ស៊ី ឱ្យចូលជាសមាជិក BRICS ក្នុងនាមជាប្រទេសដៃគូ។ ទីក្រុងបាងកក បានទទួលយកការអញ្ជើញរបស់ទីក្រុងមូស្គូ ឲ្យក្លាយជាប្រទេសដៃគូ ដោយហៅជំហាននេះថាមានសារៈសំខាន់ណាស់នៅលើមាគ៌ាឆ្ពោះទៅរកការចូលរួមជាមួយប្លុកនេះ ក្នុងនាមជាសមាជិកពេញសិទ្ធិនាពេលអនាគត៕

ដោយ៖ ពេជ្រ
