អាជ្ញាធរ​ជាតិ​អប្សរាកំពុង​​ពង្រីក​ផែនការ​ទេសចរ​ថ្មីៗ ​ដើម្បី​ពន្យារ​ការ​ស្នាក់​នៅ​របស់​ភ្ញៀវ​ដែល​មក​លេង​តំបន់​អង្គរ

អាជ្ញាធរ​ជាតិ​អប្សរាកំពុង​​អនុវត្តន៍គម្រោងការងារទេសចរ​ណ៍ថ្មីៗ ​ដើម្បី​ពន្យារ​ការ​ស្នាក់​នៅ​របស់​ភ្ញៀវ​ដែល​មក​លេង​តំបន់​អង្គរឱ្យ​បាន​យូរ​។ មន្ត្រី​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ និង​វប្បធម៌ ​ឱ្យ​ដឹង​ថា អាជ្ញាធរ​ជាតិ​អប្សរាមាន​គម្រោង​​ទេសចរណ៍​ថ្មីៗ​បន្ថែម​ទៀត​ជា​បន្ត​បន្ទាប់ ​ដើម្បី​ទាក់ទាញនិង​ពន្យា​រពេល​របស់​ភ្ញៀវ​ដែល​មក​ទស្សនាឱ្យ​ស្នាក់​នៅ​តំបន់​អង្គរ​បាន​យូរ​។​​

លោក ​សេង សុធារ៉ា ​ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍ និង​វប្បធម៌ ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ​បាន​ថ្លែង​ថា អាជ្ញាធរ​ជាតិ​អប្សរា​ កំពុង​តែ​អនុវត្តន៍​​ផែនការ​មេ​ ដែលស្របនឹង​​យុទ្ធសាស្ត្រ ​ចក្ខុ​វិស័យ​របស់​រាជ​រដ្ឋា​ភិបាល​កម្ពុជា ​ក្នុង​ការ​អភិវឌ្ឍវិស័យ​ទេសចរណ៍​ខេត្ត​សៀមរាប​ ​ឆ្នាំ​២០២១​-២០៣៥ ​ឱ្យ​​បាន​សម្រេច​ទៅ​តាម​ទិស​ដៅ​។ ​លោក​ថា ដើម្បី​សម្រេច​ឱ្យ​បាន​ទៅ​តាម​ផែនការនិង​ទិសដៅ​របស់​រាជ​រដ្ឋាភិបាលដែល​បាន​ដាក់​ចេញ​ ព្រម​ទាំង​ទាក់​ទាញ​ភ្ញៀវទេសចរ ​ដែល​មក​លេង​តំបន់​អង្គរឱ្យ​បន្ត​ការ​ស្នាក់​នៅ​បាន​យូរ ​គឺ​អាជ្ញាធរ​ជាតិ​អប្សរា​ កំពុង​សិក្សា​ផលិត​ផល​ទេសចរណ៍​ថ្មី​ទៅ​លើ​ផ្លូវ​ជិះ​កង់បន្ថែម​ពី​លើផ្លូវ​កង់​ដែល​មាន​ស្រាប់​​។

ការ​សិក្សា​ផ្លូវ​ជិះ​កង់​ថ្មី​បន្ថែមទៀតនេះ ប្រយោជន៍​ដើម្បី​ឱ្យ​ភ្ញៀវទេសចរ​អាចមាន​ជម្រើស​​កាន់​តែ​​ច្រើន ​ក្នុង​ការ​​ជិះកង់​ទៅ​​ទស្សនា​តំបន់​ឆ្ងាយៗ ​ដូច​ជា ទៅ​​ប្រាសាទ​ភ្នំ​បូក ​ប្រាសាទ​លាក់​នាង ​​ព្រម​ទាំង​អាច​ភ្ជាប់​​ដំណើរ​កម្សាន្តនេះទៅ​​នឹង​ជីវភាព​របស់​​ពល​រដ្ឋ ​ដែល​រស់​នៅ​ក្នុង​សង្កាត់ រុនតាឯក ក្រុង រុនតាឯកតេជោសែនផងដែរ​។​

បន្ថែម​លើ​នេះ ​អាជ្ញាធរ​ជាតិ​អប្សរា ​ក៏​កំពុង​រៀបចំ​វង់​ទស្សនា​ថ្មីៗ​បន្ថែម​ទៀត​ ដូច​ជា​នៅ​ភ្នំ​បូក​​​រៀប​ចំ​ឱ្យ​មាន​ផ្លូវ​ជិះ​កង់ទៅ​លេង​ប្រាសាទទ ​ប្រាសាទ​ត្រពាំង​ចំបក់ជាដើម។ ​គម្រោង​នេះ​កំពុង​តែ​ដាក់​ឱ្យ​ដំណើរការ​។​​

លោក ​សេង សុធារ៉ា បញ្ជាក់​ទៀត​ថា ក្នុង​គម្រោង​ពង្រីក​វង់​ទេសចរណ៍​ថ្មីៗ​នេះ ​អាជ្ញាធរ​ជាតិ​អប្សរា​ក៏​កំពុង​តែ​រៀបចំសម្រួល​​​កន្លែង​លក់​ដូរ​សម្រាប់​ភ្ញៀវ​ទេសចរ​ឱ្យ​មាន​របៀប​រៀបរយ​​ ព្រម​ទាំង​ពង្រឹង​ហេដ្ឋារចនា​សម្ពន្ធទេសចរណ៍នៅ​ក្នុង​ប្រាសាទដូច​ជា ដាក់​ស្លាក​សញ្ញា​ប្រាប់ទិស​ និង​ព័ត៌មាន​បន្ថែមផ្សេង​ៗ ​ដើម្បី​ឱ្យ​អ្នក​ទេសចរដែល​ទៅ​ទស្សនា​ប្រាសាទ​បានយល់ច្បាស់ បើ​ទោះបី​ជា​មិនមាន​មគ្គុទ្ទេសក៍​ទេសចរណ៍​នាំ​ផ្លូវ ​ក៏​គាត់​អាច​យល់​ដឹង​និង​ស្វែង​យល់​ពី​រឿងរ៉ាវ​ថ្មីៗបានដោយខ្លួនឯង​៕

Written by 

Related posts

Leave a Comment