មន្ត្រី បាននិយាយថា ព្យុះស៊ីក្លូនឌីតវ៉ាបោកបក់ទូទាំងប្រទេសស្រីលង្កា នៅថ្ងៃសុក្រនេះ ដោយសម្លាប់មនុស្ស ៤៦ នាក់ និង ២៣ នាក់ទៀតបាត់ខ្លួន។

នាយកដ្ឋានអាកាសធាតុជាតិ បានព្រមានថា ព្យុះនេះអាចនឹងបង្កើនការបោកបក់កាន់តែខ្លាំងឡើងបន្ថែមទៀតនៅទូទាំងប្រទេស។
ព្យុះស៊ីក្លូនឌីតវ៉ា បានវាយប្រហារប្រទេសកោះមួយនេះ នៅតំបន់ភាគខាងកើត និងកណ្តាលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត នាំឱ្យមានភ្លៀងធ្លាក់ខ្លាំងលើសពី ៣០០ មីលីម៉ែត្រក្នុងរយៈពេល ២៤ ម៉ោង សម្លាប់មនុស្សរាប់សិបនាក់។
យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះមហន្តរាយ (DMC) រាយការណ៍ថា មនុស្សចំនួន ៤៣.៩៩១ នាក់ ត្រូវបានជម្លៀសទៅកាន់សាលារៀន និងជម្រកសុវត្ថិភាពផ្សេងទៀតនៅទូទាំងប្រទេស។ សាលារៀនត្រូវបានបិទទ្វារ រថភ្លើងត្រូវផ្អាក ខណៈដែលភ្លៀងធ្លាក់ខ្លាំងនៅតែបន្ត។

ទន្ទឹមនឹង ផ្លូវដែកផ្អាក ខណៈជើងហោះហើរសំខាន់ៗមួយចំនួន ក៏នឹងត្រូវបង្វែរការហោះហើរផងដែរ ប្រសិនបើស្ថានភាពកាន់តែអាក្រក់ទៅៗ។
គួរបញ្ជាក់ថា ការព្យាករណ៍មិនបានបញ្ជាក់ថា ព្យុះនេះនឹងបោកបក់ដល់ថ្ងៃណានោះទេ ខណៈប្រតិបត្តិការជម្លៀសនៅតែបន្ត និងជួយសង្គ្រោះអ្នកដែលជាប់គាំង និងបាត់ខ្លួន៕

ដោយ៖ ពេជ្រ
