ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា រុស្ស៊ីយល់ឃើញថា សហរដ្ឋអាមេរិកគិតគូរពីជំហររបស់ទីក្រុងមូស្គូទាក់ទងនឹងស្ថានភាពនៅអ៊ុយក្រែន។

លោកពូទីន បានលើកឡើង នៅក្នុងសន្និសីទសារព័ត៌មានមួយថា ជារួម យើងឃើញថា ភាគីអាមេរិកគិតគូរពីជំហររបស់យើង មុននឹងឈានដល់កិច្ចពិភាក្សាលម្អិតជាក់លាក់ណាមួយ។
ទន្ទឹមនោះ ជំនួយការប្រធានាធិបតីរុស្ស៊ី លោក Yury Ushakov ក៏បានកត់សម្គាល់ថា លោក ពូទីន មានបំណងជួបលោក Witkoff ដែលគ្រោងនឹងទៅទស្សនកិច្ចទីក្រុងមូស្គូ នៅសប្តាហ៍ក្រោយនេះ។
ជាមួយគ្នានោះ អ្នកនាំពាក្យប្រធានាធិបតី លោក Dmitry Peskov បានបញ្ជាក់ នៅថ្ងៃទី ២៦ ខែវិច្ឆិកាថា រុស្ស៊ី រង់ចាំដំណើរទស្សនកិច្ចរបស់លោក Steve Witkoff បេសកជនពិសេសប្រធានាធិបតីអាមេរិក នៅសប្តាហ៍ក្រោយ ហើយរំពឹងថាលោក នឹងមានកិច្ចពិភាក្សាលម្អិតជាមួយលោកប្រធានាធិបតីពូទីន។
ចាប់តាំងពីលោក ដូណាល់ ត្រាំ ត្រូវបានជ្រើសរើសជាប្រធានាធិបតីសហរដ្ឋអាមេរិក ទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន បានព្យាយាមស្តារទំនាក់ទំនងឡើងវិញ និងលុបចោលការខ្វែងគំនិតគ្នា ដែលនាំឱ្យកកកុញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕

ដោយ៖ ពេជ្រ
