អតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ និងអតីតនាយក CIA លោក Leon Panetta បានប្រាប់ CNN ថា ទីក្រុងគៀវគួរតែបោះបង់ចោលគំនិតនៃការចូលរួមជាមួយណាតូ ហើយងាកទៅរកការចូលរួមជាមួយសហភាពអឺរ៉ុបវិញ។

លោក Panetta បាននិយាយថា ជាក់ស្តែងណាតូ មានច្បាប់ផ្ទាល់របស់ប្លុក ហើយណាតូ ក៏មិនទាន់ត្រូវការសមាជិកបន្ថែមនៅពេលនេះដែរ។
លោក បានធ្វើការអត្ថាធិប្បាយដោយផ្សារភ្ជាប់ទៅនឹងផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក ដោយថានេះជាវិធីល្អបំផុត ដើម្បីដោះស្រាយបញ្ហាអ៊ុយក្រែន។
ទីក្រុងគៀវ បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតនូវបំណងប្រាថ្នារបស់ខ្លួនក្នុងការក្លាយជាសមាជិកពេញលេញនៃសម្ព័ន្ធភាពណាតូ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ នៅក្នុងខែកញ្ញា ឆ្នាំ ២០២២ អ៊ុយក្រែន បានដាក់ពាក្យសុំចូលរួមជាមួយណាតូដោយផ្អែកលើមូលដ្ឋានរហ័ស។ នៅខែមករានេះ លោក Zelensky បានត្អូញត្អែរថា ប្រទេសហុងគ្រី អាល្លឺម៉ង់ ស្លូវ៉ាគី និងសហរដ្ឋអាមេរិក ប្រឆាំងនឹងការចូលរួមជាមួយណាតូរបស់អ៊ុយក្រែន។

ដោយឡែក កាលពីខែមីនា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានលើកឡើងថា មនុស្សគ្រប់គ្នាដឹងរួចហើយអំពីចម្លើយចំពោះសេចក្តីប្រាថ្នារបស់អ៊ុយក្រែនក្នុងការចូលរួមជាមួយសម្ព័ន្ធមិត្ត ដោយបន្ថែមថា ប្រជាជនអ៊ុយក្រែន បានដឹងចម្លើយនេះអស់រយៈពេល ៤០ ឆ្នាំមកហើយ។
កាលពីសប្តាហ៍មុន ទីក្រុងវ៉ាស៊ីនតោន បានដាក់ចេញនូវផែនការ ២៨ ចំណុច សម្រាប់សន្តិភាពអ៊ុយក្រែន។ ភាគីអ៊ុយក្រែន ហាក់នៅស្ទាក់ស្ទើនឹងចំណុចមួយចំនួនពាក់ព័ន្ធនឹងការធ្វើសម្បទានទឹកដី រួមទាំងត្រូវដកទ័ពថយពីតំបន់ដែលខ្លួនគ្រប់គ្រង ដែលលោក ហ្សេលេនស្គី ធ្លាប់និយាយថាជារឿងដ៏លំបាកបំផុតសម្រាប់លោក៕

ដោយ៖ ពេជ្រ
