បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ជួបពិភាក្សាជាមួយអភិបាលខេត្តរតនគិរី ដើម្បីជជែកពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភូមិភាគឦសាន

ខេត្តរតនគិរី÷ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥ បានសំណេះសំណាល ពិភាក្សាអំពីវឌ្ឍនភាព បញ្ហាប្រឈម នៃការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤នៅភូមិភាគឦសានឆ្នាំ២០២៥-២០២៨ ជាមួយលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី។

ថ្លែងក្នុងកិច្ចប្រជុំនេះលោកបណ្ឌិតសភាចារ្យ បានលើកឡើងថា ការអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភូមិភាគឦសាន គឺផ្តោតសំខាន់លើ ១-ការជំរុញប្រើប្រាស់ដីកសិកម្ម និងកសិ-ឧស្សាហកម្ម ឲ្យអស់សក្តានុពល, ២- ការជំរុញការកែច្នៃផលិតផល និង៣- សេវាកម្មទេសចរណ៍, ដែលការណ៍នេះ អាជ្ញាធរខេត្តរតនគិរី មានតួនាទី ភារកិច្ចយ៉ាងសំខាន់ ក្នុងការចូលរួមអនុវត្តកម្មវិធីពិសេសនេះ។

លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ក្រោយពីមានព្រឹត្តិការណ៍នៅតាមព្រំដែនជាមួយប្រទេសជិតខាង ធ្វើឲ្យមានផលប៉ះពាល់ដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងផលិតកម្ម, រំហូរការងារ និងតម្រូវការលើផលិតផលប្រើប្រាស់ ព្រមទាំងរំហូរពាណិជ្ជកម្ម ទាំងការនាំចេញ និងការនាំចូល, ជាពិសេសវត្ថុធាតុដើម សម្រាប់បម្រើដល់សកម្មភាពផលិតកម្មក្នុងស្រុក និងនិន្នាការប្រើប្រាស់ផលិតផលក្នុងស្រុកជំនួសវិញ។

លោកបណ្ឌិតសភាចារ្យ បានណែនាំឲ្យក្រុមការងារទាំងពីរបន្តសហការជិតស្និទ្ធិ ដើម្បីសិក្សាស៊ីជម្រៅអំពីទីតាំងដីមានសក្តានុពល កាលានុវត្តភាពសម្រាប់ការវិនិយោគ និងដំណោះស្រាយបញ្ហានានា សម្រាប់ជាមូលដ្ឋានផ្តល់ព័ត៌មាន ប្រឹក្សាយោបល់ និងផ្សព្វផ្សាយទៅកាន់វិនិយោគិននានា។

ក្នុងឱកាសនេះលោក ញ៉ែម សំអឿន បានគាំទ្រនិងប្តេជ្ញាចូលរួមសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន ក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហានានា ដើម្បីជំរុញការវិនិយោគក្នុងខេត្តរតនគិរី ឲ្យមានលទ្ធផលផ្លែផ្កា ស្របតាមគោលបំណងរបស់រាជរដ្ឋាភិបាល៕

Written by 

Related posts

Leave a Comment