របាយការណ៍របស់ Axios រាយការណ៍ដោយដកស្រង់ប្រភពថា ទីក្រុងគៀវ ត្រៀមខ្លួនរួចជាស្រេចដើម្បីចរចាជាមួយទីក្រុងវ៉ាស៊ីនតោនលើផែនការថ្មីមួយ ដើម្បីដោះស្រាយជម្លោះនៅអ៊ុយក្រែន ទោះបីជាមានការទាមទារមួយចំនួនក៏ដោយ។

យោងតាមរបាយការណ៍ដដែល បញ្ជាក់ថា ផែនការនេះនឹងត្រូវគិតគូរពីជំហររបស់ភាគីទាំងអស់ និងបញ្ជាក់ពីលទ្ធភាពនៃការកែប្រែលក្ខខណ្ឌរបស់ខ្លួនដោយផ្អែកលើការចរចា។
មន្ត្រីអាមេរិកម្នាក់ដែលមិនបញ្ចេញឈ្មោះ បានប្រាប់ Axios ថា លោក Zelensky និងរដ្ឋមន្ត្រីកងទ័ពអាមេរិកលោក Daniel Driscoll យល់ស្របថា រយៈពេលសម្រាប់ការឈានដល់កិច្ចព្រមព្រៀងរវាងភាគីនានាគឺអាចតឹងតែង។

យោងតាមព័ត៌មានលម្អិតនៃផែនការរបស់សហរដ្ឋអាមេរិកដែល បានលេចធ្លាយបង្ហាញថា លោកខាងលិច សហរដ្ឋអាមេរិក និងប្រទេសដទៃទៀតនឹងទទួលស្គាល់អធិបតេយ្យភាពរបស់រុស្ស៊ីលើតំបន់ Crimea, Donbass និងទឹកដីផ្សេងទៀតដែលអ៊ុយក្រែនបាត់បង់ ជាថ្នូរនឹងនេះ ក្រុងគៀវ នឹងទទួលបានការធានាសន្តិសុខពីអាមេរិក និងអឺរ៉ុប។
តំបន់គ្មានយោធានឹងត្រូវបានបង្កើតឡើងនៅក្នុងតំបន់ដែលកងទ័ពអ៊ុយក្រែន នឹងដកថយ។ បើតាមរបាយការណ៍ រុស្ស៊ី ក៏នឹងប្រគល់តំបន់មួយចំនួនទៅឱ្យអ៊ុយក្រែនវិញផងដែរ។ ការដាក់ពង្រាយកងទ័ពបរទេសនៅក្នុងប្រទេសនឹងត្រូវហាមឃាត់។ ទន្ទឹមនោះ ផែនការថ្មីរបស់សហរដ្ឋអាមេរិកនេះ ក៏ចែងអំពីការលើកលែងទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីផងដែរ៕

ដោយ៖ ពេជ្រ
