កូឡុំប៊ី​ ប្រកាសគាំទ្រ​ និងសហការចំណាត់ការបោសសម្អាតជន​ចំណាក​ស្រុកដ៏ធំនៅអាមេរិក

ប្រទេសកូឡុំប៊ី បានគាំទ្រ និងយល់ព្រមទទួលយកពលរដ្ឋខ្លួនដែលត្រូវធ្វើមាតុភូមិនិវត្តន៍តាមជើងហោះហើរយោធាអាមេរិក បន្ទាប់ពីប្រធានាធិបតីលោក Donald Trump ប្រកាសយុទ្ធនាការទ្រង់ទ្រាយធំ។ សេតវិមាន បាននិយាយកាលពីថ្ងៃអាទិត្យទី 26 ខែមករាថារដ្ឋមន្ត្រីការបរទេសកូឡុំប៊ី លោក Luis Gilberto Murillo បាននិយាយ នៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីទីក្រុង Bogota ធ្លាប់បដិសេធយន្តហោះអាមេរិកដែលដឹកជនជាតិកូឡុំប៊ីនិរទេស ថា យើងនឹងទទួលជនជាតិកូឡុំប៊ីដែលវិលត្រឡប់មកវិញក្នុងនាមជាអ្នកនិរទេស ។

សេចក្តីថ្លែងការណ៍របស់សេតវិមាន បានឲ្យដឹងថា ប្រទេសកូឡុំប៊ី យល់ព្រមលើការទទួលយកដោយមិនមានការរឹតត្បិត ចំពោះជនបរទេសខុសច្បាប់ទាំងអស់ដែលត្រឡប់មកពីសហរដ្ឋអាមេរិក ដោយគ្មានដែនកំណត់ ឬពន្យារពេល ។

សេតវិមាន បានបន្ថែមថា ការបោសសម្អាតនេះបង្ហាញយ៉ាងច្បាស់ដល់ពិភពលោកថាសហរដ្ឋអាមេរិក ជាប្រទេសដ៏គួរឲ្យគោរព ។

សេតវិមាន បន្តថា លោកប្រធានាធិបតី Trump នឹងបន្តការពារយ៉ាងខ្លាំងក្លានូវអធិបតេយ្យភាពរបស់ប្រទេសរបស់យើង ហើយរំពឹងថាប្រទេសផ្សេងទៀតទាំងអស់នៃពិភពលោកនឹងសហការយ៉ាងពេញលេញក្នុងការទទួលយកការនិរទេសពលរដ្ឋរបស់ពួកគេដោយខុសច្បាប់ដែលមានវត្តមាននៅសហរដ្ឋអាមេរិក ។

គួរបញ្ជាក់ថា បន្ទាប់ពីឡើងកាន់តំណែងជាផ្លូវការ លោក Trump បានប្រកាសចាប់ផ្ដើមយុទ្ធនាការប្រឆាំងនឹងជនបរទេសដែលរស់នៅអាមេរិក ដោយខុសច្បាប់ ៕

ដោយ៖ ពេជ្រ

Written by 

Related posts

Leave a Comment