ការពិភាក្សាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន អាចនឹងត្រូវធ្វើឡើង នៅក្នុងខែមេសា ដល់ខែឧសភា ដែលអាចមានសក្តានុពល មុនពេលកិច្ចប្រជុំរវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ។
លោក Abdulkadir Selvi អ្នកសរសេរអត្ថបទនៅកាសែតគាំទ្ររដ្ឋាភិបាលទួរគី លើកឡើងថា បទឈប់បាញ់អាចត្រូវបានប្រកាស នៅមុនការចរចារវាងលោក ត្រាំ និងលោក ពូទីន ។
លោក Selvi បន្ថែមថា ជាដំបូង បទឈប់បាញ់អាចនឹងត្រូវបានប្រកាស ហើយបន្ទាប់មកកិច្ចចរចាសន្តិភាពនឹងត្រូវចាប់ផ្តើម តាមក្រោយ ហើយតួកគី អាចបំពេញបេសកកម្មជាក់លាក់មួយ ខណដែលលោកប្រធានាធិបតី Recep Tayyip Erdogan អាចដើរតួជាអ្នកសម្រុះសម្រួល ខណដែលលោក គឺជាមេដឹកនាំតែមួយគត់ដែលមានទំនាក់ទំនងទាំងជាមួយលោក ពូទីន និង ហ្សេលេនស្គី រួមជាមួយលោក ត្រាំ ផងដែរ ។
លោក Selvi បានកត់សម្គាល់ថា ការពិភាក្សាស្តីពីការដោះស្រាយជម្លោះអ៊ុយក្រែន ធ្វើឡើងតាំងពីឆ្នាំ ២០២២ នៅទីក្រុងអ៊ីស្តង់ប៊ុល ប៉ុន្តែសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស គ្មានបំណងចង់បញ្ចប់សង្រ្គាម ទើបគ្មានកិច្ចព្រមព្រៀងណាមួយត្រូវសម្រេចនោះទេ ។
ទន្ទឹមនោះ អ្នកការទូតកំពូលរបស់ប្រទេសទួរគី លោក Hakan Fidan បានអះអាង កាលពីសប្តាហ៍មុនថា ជម្លោះនៅអ៊ុយក្រែនជិតដល់ចំណុចបញ្ចប់ហើយថាទីក្រុងអង់ការ៉ា ត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកការដោះស្រាយ ៕
សោយ៖ ពេជ្រ