ថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតជាមួយក្រុមវៀតណាម Dong A Thanh Hoa គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀង លោក Pep Munoz បាននិយាយថា«ដូចដែលគ្រប់គ្នាបានដឹងហើយថា ទីលានគឺពិបាកលេងជាពិសេសគឺការលេងជាមួយក្រុមល្អបែបនេះ។
លោកបានបន្តថា ពួកគេលេងខ្លាំងគ្រប់ពេល នេះគឺជាចំណុចមួយដ៏ល្អមួយនៅពេលដែលយើងចាប់ផ្តើម យើងមានមានឳកាសនៅវគ្គទី ១ មួយចំនួនផងដែរ ហើយយើងក៏ព្យាយាមលេងបាល់វែងច្រើនជាងរាល់ដងដែរសម្រាប់ប្រកួតនេះ ព្រោះយើងត្រូវការទាញគូប្រកួតមកដីយើង ហើយយើងលេងពីក្រោយខ្នងជួរការពាររបស់គេ។ នៅវគ្គទី ២ កម្រិតយើងរាងធ្លាក់ចុះបន្តិច ហើយការប្រកួតប្រជែងគឺប្រហាក់ប្រហែលគ្នា ចុះក្រោយយើងក៏មានឳកាសផងដែរ តែយើងមិនអាចទាត់ចូលទី។»
សូមជម្រាបថា ព្រះខ័នរាជស្វាយរៀង បានប្រកួតជាមួយក្រុមម្ចាស់ផ្ទះវៀតណាម Dong A Thanh Hoa បញ្ចប់ក្នុងលទ្ធផល ០-០ នៃការប្រកួតជើងឯកក្លិបបាល់ទាត់អាស៊ាន (ASEAN Club Championship Shopee Cup) ឆ្នាំ២០២៤-២៥ ពូល A កាលពីយប់មិញ និងអស់ឱកាសឡើងទៅកាន់វគ្គបន្តទៀតហើយ ទោះបីជាសល់មួយប្រកួតទៀតក៏ដោយ ។
ឆ្លងកាត់៤ប្រកួតក្នុងពូល ក្រុមព្រះខ័នរាជស្វាយរៀង ឈរលេខ៥ ដោយឈ្នះ១ ស្មើ១ និងចាញ់២ មាន៤ពិន្ទុ ខណៈ BG Pathum United ឈរលេខ១ មាន៨ពិន្ទុ Terengganu ឈរលេខ ២ មាន៧ពិន្ទុ PSM ឈរលេខ៣ មាន៧ពិន្ទុ Dong A Thanh Hoa ឈរលេខ៤ មាន៦ពិន្ទុ។ ដូច្នេះទោះព្រះខ័នរាជស្វាយរៀង ឈ្នះការចុងក្រោយក៏អស់ឱកាសឡើងទៅកាន់វគ្គបន្តទៀតដែល៕