ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូង បានផ្តល់ការបញ្ជាក់ នៅថ្ងៃព្រហស្បតិ៍នេះថា ការចោទប្រកាន់លោកប្រធានាធិបតី Yoon Suk Yeol គឺលើបទបះបោរ និងការរំលោភបំពានអំណាច ខណដែលលទ្ធផលនៃការស៊ើបអង្កេត ត្រូវដាក់ជូនរដ្ឋអាជ្ញា។
ការចោទប្រកាន់ជាផ្លូវការប្រឆាំងនឹង លោក Yoon គឺពីបទដឹកនាំឲ្យមានការបះបោរ និងការរំលោភបំពានអំណាច ដោយ ការិយាល័យស៊ើបអង្កេតអំពើពុករលួយ (CIO) បានលើកឡើង បន្ទាប់ពីការស៊ើបអង្កេតរយៈពេល ៥១ ថ្ងៃ លើការប៉ុនប៉ងថ្ងៃទី ៣ ខែធ្នូ ពីសំណាក់លោក Yoon ដែលជាប្រមុខរដ្ឋកូរ៉េខាងត្បូង ដាក់ចេញច្បាប់អាជ្ញាសឹក ។
លោក Yoon ត្រូវបានប៉ូលិសចាប់ខ្លួន តាំងពីសប្តាហ៍មុន ខណក្រុមអ្នកស៊ើបអង្កេត រកឃើញពីការប៉ុនប៉ងរបស់លោក ក្នុងការដាក់ច្បាប់អាជ្ញាសឹកនៅថ្ងៃទី ៣ ខែធ្នូ ដែលជាទង្វើមួយធ្វើឱ្យប្រទេសជាតិមានការភ្ញាក់ផ្អើលនិងហួសចិត្ត ។
គួរបញ្ជាក់ថា CIO ជាភ្នាក់ងារប្រឆាំងអំពើពុករលួយឯករាជ្យ ប៉ុន្តែមិនមានសិទ្ធិកាត់ទោសប្រធានាធិបតីឡើយ ហើយត្រូវបញ្ជូនសំណុំរឿងណាមួយទៅការិយាល័យព្រះរាជអាជ្ញា ដើម្បីចាត់ការបន្ត ៕
ដោយ៖ ពេជ្រ