បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តរតនគិរី

ខេត្តរតនគិរី÷ នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខេត្តរតនគិរី បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ក្រោមវត្តមានលោក ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី។

លោក ញ៉ែម សំអឿន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានធ្វើរបា​យការណ៍បូកសរុបលទ្ធផលអង្គសន្និបាតក្នុងរ​យៈពេល១ថ្ងៃកន្លះដោយរបាយការបានលើកឡើង​ពីបទអ​ន្តរា​គមន៍ស្តីពីការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ការផ្ទេរសមត្ថកិច្ចក្នុងវិស័យសុខាភិបាល មករដ្ឋបាលថ្នាក់ក្រោមជាតិ ការផ្ទេរសមត្ថកិច្ចក្នុងវិស័យអប់រំមករដ្ឋបាលថ្នាក់ក្រោមជាតិ និងអំពីដំណើការ នៃការរៀបចំផែនការអភិវឌ្ឍន៍៥ឆ្នាំនិងដំណើការនៃរៀបចំកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ដើម្បីឲ្យសមាជិក សមាជិកា និងអ្នកពាក់ព័ន្ធបានទទួលជ្រាប យកទៅអនុវត្តសម្រាប់ឆ្នាំបន្ទាប់ ព្រមទាំងបានធ្វើការពិភាក្សាផ្ដោតលើបទពិសោធន៍ បញ្ហាប្រឈម សំណើ សំណូមពរនានា ក្នុងការអនុវត្តមុខងារដែលបានផ្ទេរពីក្រសួង ស្ថាប័ន ទាំងនៅថ្នាក់ខេត្ត និងថ្នាក់ក្រុង ស្រុក និងការផ្តល់សេវាសាធារណៈគ្រប់ប្រភេទ ផ្តោតលើ ការផ្តល់សេវាសាធារណៈតាមរយៈអង្គភាពច្រកចេញចូលតែមួយរដ្ឋបាលខេត្ត ការិយាល័យច្រកចេញ ចូលតែមួយរបស់រដ្ឋបាលក្រុង ស្រុក និងយន្តការច្រកចេញចូលតែមួយរបស់រដ្ឋបាលឃុំ សង្កាត់ សមត្ថភាព និងឥរិយាបថរបស់មន្ត្រីផ្តល់សេវាសាធារណៈ។
ជាមួយនេះ អង្គសន្និបាតទាំងមូលបានប្ដេជ្ញាចិត្ត រួមគ្នាយ៉ាងមុតមាំ ដើម្បីពុះពារជម្នះគ្រប់ឧបសគ្គ រិះរកវិធីដោះស្រាយរាល់បញ្ហាប្រឈមដែលនៅសេសសល់ ដោយបានឯកភាពទៅលើទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់រដ្ឋបាលខេត្ត ដើម្បីសម្រេចបាននូវចក្ខុវិស័យដែលបានឆ្លុះបញ្ចាំងក្នុងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ជាពិសេសឆ្លើយតបទៅនឹង គោលដៅយុទ្ធសាស្ត្ររយៈពេលខ្លីនៃគោលនយោបាយអាទិភាពទាំង ៦ចំណុច របស់រាជរដ្ឋាភិបាល និង គោលដៅអភិវឌ្ឍន៍រយៈពេលវែង នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ឆ្ពោះទៅសម្រេចបាន ចក្ខុវិស័យរួមរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបន្តគាំទ្រយ៉ាងពេញទំហឹង អនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំ ប្រកបដោយភាពឈ្លាសវៃ និងមុតស្រួចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានបាវចនាចំនួន ៥ រួមមាន៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។

ថ្លែងក្នុងឱកាសនេះ លោក ជៀង អំ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុ​ជា ក្នុងនាម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ លោក លោកជំទាវលោកស្រី អស់លោក ដែលជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់នៃខេត្តរតនគិរីដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី នៅក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើរប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបាននូវសមិទ្ធផលនានាជាច្រើនដែលមានកត់ត្រានៅក្នុងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តរតនគិរី។ 

លោកបន្តថា សមិទ្ធផលដែលរដ្ឋបាលខេត្តរតនគិរីខិតខំសម្រេចបាននេះ ពិតជាបានចូលរួមចំណែកយ៉ាងសំខាន់ជាមួយក្រសួង ស្ថាប័ន និងរាជរដ្ឋាភិបាល នៅក្នុងការគ្រប់គ្រង និងដឹកនាំប្រទេសជាតិ ឲ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការធានាបានយ៉ាងល្អប្រសើរនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងដំណើរការជាប្រក្រតីភាពនូវស​កម្មភាពសេដ្ឋកិច្ច សង្គម នយោបាយ ពាណិជ្ជកម្ម និងទំនាក់ទំនងការបរទេសយ៉ាងរស់រវើក និងកាន់តែសកម្មថែមទៀត។

លោក ជៀង អំ បានផ្តល់នូវ គោលការណ៍ណែនាំលើកិច្ចការ សំខាន់ៗ មួយចំនួនដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តរតនគិរី ត្រូវយកចិត្ត ទុកដា ក់ខិតខំរួមគ្នាប្តេជ្ញាចិត្តអនុវត្តឲ្យសម្រេចបានលទ្ធផលល្អប្រសើរក្នុងឆ្នាំ២០២៥នេះ មានជាអាទិ៍៖
–ត្រូវបង្ការទប់ស្កាត់ និងបង្ក្រាបឲ្យខានតែបាននូវរាល់សកម្មភាព ឬទង្វើដែលប៉ុនប៉ងធ្វើឲ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម ភាពចលាចល វឹកវរក្នុងសង្គម ដែលរៀបចំដោយក្រុមប្រឆាំងខុសច្បាប់មួយចំនួនតូចតាមគ្រប់មធ្យោបាយ និងគ្រប់រូបភាព ជាពិសេសតាមរយៈបណ្តាញសង្គម និងចលនាផ្ទៃក្នុងប្រទេស។ រដ្ឋបាលខេត្ត និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ តាមដាន ស្រាវជ្រាវ និងទប់ស្កាត់ឱ្យបានទាន់ពេលវេលានូវរាល់ទង្វើមិនស្របច្បាប់ ចលនាឧទ្ទាម និងបដិវត្តពណ៌នៅក្នុងមូលដ្ឋានរបស់ខ្លួន។

–ត្រូវខិតខំស្រាវជ្រាវ និងបង្ការ ទប់ស្កាត់ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពនូវរាល់សកម្មភាព ឬការផ្សព្វផ្សាយព័ត៌មានមិនពិត ការញុះញង់ អុចអាលបង្កឲ្យមានអំពើហិង្សា ការប្រឆាំង នឹងអាជ្ញាធរសាធារណៈ និងអសន្តិសុខក្នុងសង្គម ដែលអាចប៉ះពាល់យ៉ាងធ្ងន់ធរដល់សង្គមជាតិ ទាំងសេដ្ឋកិច្ច សង្គម ទេសចរណ៍ ការវិនិយោគ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ៕

Written by 

Related posts

Leave a Comment