សម្ពោធដាក់ឲ្យប្រើប្រាស់គម្រោង កែលម្អ គ្រប់គ្រង បរិស្ថានក្រុង ជុំវិញបឹងទន្លេសាបជំហានទី២ ក្រោមកម្ចីឥណទាន ពីធនាគារអភិវឌ្ឍន៍អាស៊ី

ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹក ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០២៥នេះ សាលាក្រុងសិរីសោភ័ណ បានរៀបចំពិធីសម្ពោធទីលានទុកដាក់សម្រាម១កន្លែង ក្នុងក្រុងសិរីសោភ័ណ នៃគម្រោង កែលម្អ គ្រប់គ្រង បរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ ក្រោមកម្ចីឥណទាន សម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ស្ថិតក្នុងភូមិ កងវ៉ា សង្កាត់ កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ពិធីខាងលើនេះមានការចូលរួម ពីលោក រស់ វណ្ណា រដ្ឋលេខាធិការ ក្រសួងសាធារណៈការនិងដឹកជញ្ជូន លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ និងជានាយកគម្រោង លោក អាន់តូនី ហ្គីល តំណាងធនាគាអភិវឌ្ឍន៍ អាស៊ី លោកលី វណ្ណា រិទ្ធ អភិបាលខេត្ត ស្តីទី លោក ស្រេងសុផល អភិបាលក្រុងសិរីសោភ័ណ លោក សុក ចាន់ថា ប្រធានមន្ទីរសាធារណៈការ និង ដឹកជញ្ជូនខេត្ត រួមទាំងប្រជាពលរដ្ឋ និង មន្ត្រីអ្នកមុខ អ្នកការជាច្រើននាក់។

លោក លី វណ្ណា រិទ្ធ មានប្រសាសន៍ថា ថ្ងៃនេះ សម្រាប់រដ្ឋបាលក្រុងសេរីសោភ័ណទាំងមូល បានទទួលគម្រោងគ្រប់គ្រងបរិស្ថានជុំវិញបឹងទន្លេសាបជំហានទី ២ ក្រោមកម្ចីឥណទានសម្បទានរបស់ធនាគារ ADB មកជូនដល់ទឹកដីនិងប្រជាពលរដ្ឋក្រុងសិរីសោភ័ណ ដែលបាន ផ្ដោតលើការគ្រប់គ្រងបរិស្ថាន តាមរយៈការសាងសង់ទីលានសំរាម ថ្មីដែលមានស្តង់ដារ និងសាងសង់ប្រព័ន្ធទឹកកខ្វក សំដៅលើកកម្ពស់ការយល់ដឹងបន្ថែម ពិសេសការគ្រប់គ្រងបរិស្ថានខេត្ត ក្រុង ជុំវិញបឹងទន្លេសាបឲ្យកាន់តែប្រសើរឡើង។

លោក លី វណ្ណា រិទ្ធ ក៏បានអានរបាយការណ៍សង្ខេប នៃការសាងសងដោយ ក្រុមហ៊ុន ហេង សម្បត្តិ អាហរ័ណ នីហរ័ណដឹកជញ្ជូន និងសំណង់ ចំណាយអស់ថវិកាសាងសង់ ៦.៥៥៣.៨២០ដុល្លា រយៈពេលសាងសង់  ១០ខែរួចរាល់ ក្នុងកិច្ចសន្យា ១៧ខែ ដោយចាប់ផ្តើមកសាង នៅថ្ងៃទី ១១ ខែ ធ្នូ ឆ្នាំ ២០២៣ បញ្ចប់ការកសាង នៅថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២៤។  ទីតាំងនៃគំរោងនេះ ស្ថិតនៅភូមិ កង្វា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ លទ្ធភាពផ្ទុក កន្លែងទុកដាក់សម្រាម ត្រូវបានរចនាឡើង ជារណ្តៅ ដែលរណ្តៅទី១មានទំហំ ៦៤.២៤២ម៉ែត្រគីប អាចផ្ទុកសំរាមបានចំនួន ៥១.៤១៤តោន និងរណ្តៅទី២ មានទំហំ ៨៧.៦៣០ម៉ែត្រត្រីគុណ អាចផ្ទុកសំរាមបានចំនួន ៨៤.០៦០តោន រីឯរណ្តៅបំរុង មានទំហំ ១៧១.៨៧៤ម៉ែត្រត្រីគុណ អាចផ្ទុក សំរាមបានចំនួន ២៧០.៩៨៩តោន។

លោកក៏បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ទីលានចាក់សំរាមត្រូវបានសាងសង់ឡើង លើផ្ទៃដី ១១ហិកតា ដែលនិងគ្រោងដាក់ឲ្យប្រើប្រាស់ រហូតដល់ឆ្នាំ ២០៤០សម្រាប់ប្រជាជន ជាង ១២៨.២០៨នាក់ រស់នៅក្នុង សង្កាត់ ម្កាក់ កំពង់ស្វាយ ព្រះពន្លា ទឹកថ្លា អូរអំបិល ភ្នៀត កោះពងសត្វក្នុងក្រុងសិរីសោភ័ណ ទីលានទុកដាក់សំរាមថ្មីទាំងពីរខាងលើ មានសមត្ថភាពប្រតិបត្តិការបានជាច្រើនឆ្នាំ ដែលស្របតាមបទដ្ឋានបច្ចេកទេស និងមានស្តង់ដាហើយត្រូវបានសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីលើកកម្ពស់សេវាថែរក្សាអនាម័យ គុណភាព និងសុខុមាលភាពការរស់នៅរបស់បងប្អូននៅក្នុងតំបន់។

លោក រស់ វណ្ណា មានប្រសាសន៍ថា សំរាមជាកាកសំណល់ ហើយត្រូវបានមនុស្សភាគច្រើនចាត់ទុកថា ជាវត្ថុគ្មានតម្លៃ និងឥតប្រយោជន៍ ដែលមនុស្សគ្រប់គ្នាមិនចង់ឲ្យវាជាប់នៅនឹងខ្លួននោះទេ ប៉ុន្ដែយើងមិនអាចចៀស ផុតពីសំរាមបានឡើយ ព្រោះយើងសុទ្ធតែត្រូវការ បរិភោគនំ ចំណីអាហារ និង សម្ភារៈ ប្រើប្រាស់ ជាប្រចាំថ្ងៃ។

លោក រស់ វណ្ណាបានបន្តឲ្យដឹងទៀតថា៖តាមការបញ្ជាក់ពីមន្ត្រីជំនាញ ថង់ប្លាស្ទិក ស្នោរសំរាប់ខ្ចប់មុខម្ហូបបង្កផលប៉ះពាល់ដល់បរិស្ថាន សុខភាពមនុស្សសត្វ និងជីវចម្រុះផ្សេងៗ ដូច្នេះយើងទាមទារឲ្យមានការយល់ដឹង និងការចូលរួមពីសំណាក់ពលរដ្ឋគ្រប់រូបក្នុងការកាត់បន្ថយនៃការ ប្រើប្រាស់ ឬលុបបំបាត់ការបោះចោល ថង់ប្លាស្ទិក សំបកស្នោរ ឬសំរាមផ្សេងៗ ពាសវាលពាលកាល ។

យោងតាមការសង្កេតឃើញថា ការប្រើថង់ប្លាស្ទិក សំបកស្នោរក្លាយជាទម្លាប់សាមញ្ញនៃជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋក្នុងការប្រើប្រាស់រួច ខ្លះទុកដាក់បានត្រឹមត្រូវ ខ្លះទៀតបោះ​ចោល​ពាសវាលពាសកាលប្រជាពលរដ្ឋភាគច្រើន មិនបានដឹងពីផលប៉ះពាល់ចំពោះបរិស្ថាន ការរស់នៅប្រចាំថ្ងៃអ្វីនោះទេ ហើយក៏មិនដឹងថា មានផលប៉ះពាល់ចំពោះសុខភាពអ្វីនោះដែរសំរាម មិនត្រឹមតែធ្វើឱ្យមានផលប៉ះពាល់ ទៅដល់ បរិស្ថាន សោភ័ណភាព និង បង្កឲ្យ អាប់អួ ដល់បរិយាកាសជុំវិញនោះទេ តែវាថែមទាំងបណ្ដាលឲ្យមាន ជំងឺផ្សេងៗទៀតបាន និង បង្កឲ្យមាន គ្រោះថ្នាក់យ៉ាងខ្លាំងចំពោះសុខភាពមនុស្ស សត្វ តាមរយៈការប៉ះពាល់ដោយផ្ទាល់ ឬ ដោយ ប្រយោលគឺ តាមការភាយក្លិនស្អុយ នៃសំរាមដែលរលួយ។

បើយោងទៅតាម លក្ខណៈរូប និង លក្ខណៈគីមី នៃ សំរាមឬសំណល់ ប្រសិន បើយើងមិនបានធ្វើការបែងចែក និង គ្រប់គ្រងឲ្យបានត្រឹមត្រូវ ទៅតាម លក្ខណៈបច្ចេកទេសទេនោះ វានឹងអាច ជះឥទ្ធិពលមិនល្អមកលើ សុខភាព មនុស្ស សត្វ និង បរិស្ថាន ជាច្រើនមិនអាចគេចបានឡើយ៕

Written by 

Related posts

Leave a Comment