ខេត្តស្វាយរៀង ៖ លោក រស់ផារិទ្ធ អភិបាលរងខេត្ត តំណាងលោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានអំពាវនាវដល់មាតាបិតា អាណាព្យាបាលគ្រប់រូប សូមនាំកូន ចៅ មកចុះឈ្មោះចូលរៀន និងផ្តល់ការគាំទ្រ លើកទឹកចិត្ត បង្រៀនបន្ថែមតាមគ្រប់រូបភាព ហេីយត្រូវយកចិត្តទុកដាក់ជំរុញ និងដាស់តឿនឱ្យពួកគាត់ខិតខំរៀនសូត្រឱ្យបានគ្រប់ពេលវេលា។

ការថ្លែងបែបនេះ ក្នុងពិធីបើកបវេសនកាលថ្មីឆ្នាំសិក្សា២០២៥-២០២៦ នាព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅវិទ្យាល័យហ៊ុនសែនពងទឹក ក្នុងឃុំពងទឹកស្រុករំដួល ដោយមានការចូលរួមពីសំណាក់លោកអភិបាលរងស្រុក តំណាងមន្ទីរអប់រំយុវជននិងកីឡាខេត្ត លោកមេឃុំ លោកមេប៉ុស្ត៏រដ្ឋបាល លោកនាយក នាយករងលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សវិទ្យាល័យហ៊ុនសែនពងទឹក និងសិស្សចំនួន៥នាក់ដែលប្រលង ទុតិយភូមិ ជាប់ និទ្ទេសA ផងដេរ។
លោក រស់ផារិទ្ធ បានអានសារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា២០២៥-២០២៦ ថ្ងៃសៅរ៍ ១១កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះថាថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាថ្ងៃចូលរៀនដំបូងរបស់ក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចអាយុពី៣ឆ្នាំ ទៅ៥ឆ្នាំ នៅមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំ ឬ៧០ខែ នៅបឋមសិក្សា ព្រមទាំងជាថ្ងៃឡើងថ្នាក់ថ្មីរបស់ក្មួយៗ ដែលបានខិតខំរៀនសូត្រក្នុងឆ្នាំសិក្សាកន្លងមក ដើម្បីបន្តក្រេបជញ្ជក់នូវ ចំណេះវិជ្ជាបន្ថែមទៀតពីសាលារៀនសាធារណៈទាំងអស់នៅទូទាំងប្រទេស។

លោកអភិបាលរងខេត្ត បានលេីកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ ត្រូវខិតខំរៀនសូត្រធ្វើខ្លួនឱ្យក្លាយជា «កូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ» ត្រូវចៀសវាងការប្រព្រឹត្ត អំពើមិនគប្បីទាំងឡាយ ដែលជាកង្វល់ក្នុងគ្រួសារ និងសង្គមជាតិទាំងមូល ពោលគឺត្រូវចងចាំថា ក្មួយៗគឺជាអ្នកកាន់កូនសោសម្រាប់បើក ជោគវាសនារបស់ខ្លួននាពេលអនាគត ហើយមានតែការអប់រំ និងចំណេះដឹងប៉ុណ្ណោះទេ ដែលអាច បើកផ្លូវឱ្យក្មួយៗទាំងអស់ទទួលបានអនាគតដ៏រុងរឿងនោះ។
លោក បានស្នើដល់គ្រឹះស្ថានសិក្សាគ្រប់កម្រិត ត្រូវខិតខំពង្រីកសក្តានុពលរបស់ខ្លួន ទាំងខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត អរូបវ័ន្ត ដើម្បីឱ្យសាលារៀនរបស់យើងក្លាយទៅជា សាលាកុមារមេត្រី កម្រិតអភិវឌ្ឍជាសាលារៀនជំនាន់ថ្មី និងជាសាលារៀនគំរូ ប្រកបដោយប្រសិទ្ធភាព និងគុណភាព និងបន្តលើកកម្ពស់សុខភាពសិក្សា និងសុខុមាលភាព លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅគ្រប់គ្រឹះស្ថានសិក្សា។

លោក អភិបាលរងខេត្ត សំណូមពរដល់លោកគ្រូ អ្នកគ្រូទាំងអស់ ត្រូវដើរតួជាបុគ្គលនាំមុខ ជាឪពុកម្តាយទី២ ជាមគ្គុទ្ទេសក៍ ជាអ្នកស្រាវជ្រាវ ជាទីប្រឹក្សា និងជាអ្នកច្នៃប្រឌិត ដោយត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍ សមត្ថភាពខ្លួនជាប្រចាំ ទាំងខាងផ្នែកចំណេះដឹង ទាំងវិធីសាស្ត្របង្រៀន រួមទាំង ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងភាសាបរទេសផងដែរ។
ក្នុងឱកាសនោះ លោក រស់ផារិទ្ធ អភិបាលរងខេត្ត ក៏បានប្រគល់ថវិការដល់ សិស្សដែលបានប្រលង ទុតិយភូមិ ជាប់ និទ្ទេសA ចំនួន៥នាក់ ដោយក្នុងម្នាក់ៗទទួលបាន២០ ម៉ឺនរៀលនិងបានប្រគល់ថវិការចំនួន៦០ម៉ឺនរៀល ដល់លោកនាយកវិទ្យាល័យហ៊ុនសែនពងទឹក និងបានចែកប័ណ្ណសសើរដល់សិស្សានុសិស្សដែលរៀនពូកែ យ៉ាងភាពស្និតស្នាល ផងដែរ៕គឹម សេង






