បន្ទាយមានជ័យ៖ ថ្ងៃនេះគឺជាថ្ងៃបើក បវេសនកាលថ្មី ឆ្នាំសិក្សា ២០២៥.២០២៦ ដែលប្រារព្វធ្វើឡើងនៅ វិទ្យាល័យខ្លាកូន ស្ថិតនៅក្នុងភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅព្រឹក ថ្ងៃទី១ ខែ វិច្ឆិកាឆ្នាំ ២០២៥ ដោយមានការចូលរួម លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្ត លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ លោកស្នងការរងខេត្ត មេបញ្ជាការងកងរាជអាវុធហត្ថខេត្ត ប្រធានមន្ទីរ លោកឈូប៊ុន រឿង ប្រធានមន្ទីរអប់រំខេត្តបន្ទាយមានជ័យ និងមន្ត្រីអ្នកមុខ អ្នកការជាច្រើននាក់ទៀត។

លោកឈូ ប៊ុន រឿងបានឡើងអានរបាយការណ៍សង្ខេបស្ដីពីការសិក្សារបស់ឆ្នាំសិស្សា ២០២៥ថា ថ្ងៃនេះជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សា ២០២៥. ២០២៦ ដំណើរការឲ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទូទាំងខេត្តបន្ទាយមានជ័យត្រូវបានចូលរៀន និងបង្រៀនគ្រប់គ្នា ហើយ ថ្ងៃបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះដែរ លោកគ្រូ និងអ្នកគ្រូ សិស្សានុសិស្សទាំងអស់បានសម្ដែងនូវទឹកចិត្តសប្បាយរីករាយគ្រប់សាលាទាំងអស់ ក្នុងខេត្តបន្ទាយមានជ័យ ថ្ងៃផ្ដើមជីវិតរបស់សសានុសិស្ស បានចូលរៀនសូត្រគ្រប់កម្រិត នៅទូទាំងខេត្តបន្ទាយមានជ័យនេះ។
លោកឈូ ប៊ុនរឿង បានធ្វើការកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យបុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ មាតា បិតា អាណាព្យាបាលសិស្ស អាជ្ញាធរដែនដីនិងដៃគូរអភិវឌ្ឍន៍ទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមលះបង់ទាំងកម្លាំងកាយ កម្លាំងចិត្តនិងធនធានសម្រាប់ជួយជ្រោមជ្រែងលើគ្រប់សកម្មភាពក្នុងបុព្វហេតុរួមចំណែកកសាង និងអភិវឌ្ឍវិស័យអប់រំក្នុងខេត្តបន្ទាយមានជ័យ ឲ្យទទួលបានជោគជ័យក្នុងរយៈពេលកន្លងមកផងដែរ។

លោក អ៊ុ រាត្រី អភិបាលខេត្ត បានមានប្រសាសន៍ថា៖រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នៅតែបន្តយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ តាមរយៈ ការបន្តរិះរកវិធានការ និងយុទ្ធសាស្ត្របន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យសាលារៀនក្លាយជាអង្គភាពផ្តល់សេវា សាធារណៈប្រកបដោយប្រសិទ្ធភាពខ្ពស់ អភិបាលកិច្ចល្អ និងមានគណនេយ្យភាពចំពោះប្រជាជន និងសហគមន៍ ដោយការពង្រឹងអភិបាលកិច្ចសាលារៀន និងការលើកកម្ពស់សកម្មភាពបង្រៀននិងរៀន តម្រង់ឆ្ពោះទៅរក ការកែលម្អលទ្ធផលនៃការសិក្សារបស់សិស្សកាន់តែប្រសើរឡើង ប្រកបដោយវិន័យ សីលធម៌ គុណធម៌ និង ឥរិយាបថថ្លៃថ្នូរ សក្តិសមជាកុលបុត្រ កុលធីតាខ្មែរ និងជាទំពាំងស្នងឫស្សីរបស់ជាតិ។
លោកបាន បញ្ជាក់ថា៖សូមអាណាព្យាបាលយកក្មួយៗ ដែលទើបនឹងដល់អាយុត្រូវចូលសាលារៀន ជាពិសេសកុមារតូចអាយុពី៣ឆ្នាំ ទៅ៥ឆ្នាំ នៅមត្តេយ្យសិក្សា និងកុមារអាយុ៦ឆ្នាំ ឬ៧០ខែ នៅបឋមសិក្សា ព្រមទាំងជាថ្ងៃឡើងថ្នាក់ថ្មីរបស់ក្មួយៗ ដែលបានខិតខំរៀនសូត្រក្នុងឆ្នាំសិក្សាកន្លងមក ដើម្បីបន្តក្រេបជញ្ជក់នូវ ចំណេះវិជ្ជាបន្ថែមទៀតពីសាលារៀនសាធារណៈទាំងអស់នៅទូទាំងប្រទេស៕









