ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បាននិយាយថា ការដឹកនាំរបស់ប្រទេសនេះ គឺមិនព្រួយបារម្ភអំពីការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកដែលអាចកើតមាន បន្ទាប់ពីការកាត់ទោសអតីតមេដឹកនាំប្រេស៊ីលលោក Jair Bolsonaro ឱ្យជាប់ពន្ធនាគារជាង ២៧ ឆ្នាំ នោះទេ។

ប្រមុខរដ្ឋ បានប្រកាសក្នុងបទសម្ភាសជាមួយប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកថា គ្មានការព្រួយបារម្ភទេ។ ប្រធានាធិបតីនៃប្រទេសមួយមិនអាចជ្រៀតជ្រែកក្នុងការសម្រេចចិត្តរបស់រដ្ឋអធិបតេយ្យមួយផ្សេងទៀតបានទេ។ ប្រសិនបើលោក សម្រេចចិត្តធ្វើសកម្មភាពណាមួយ នោះនឹងក្លាយជាបញ្ហា។
ទន្ទឹមនោះ លោក Lula da Silva បានសង្កត់ធ្ងន់ថា គ្មានការសង្ស័យច្រើនទេ លោក Bolsonaro ពិតជាមានបំណងរៀបចំរដ្ឋប្រហារ ដើម្បីរារាំងលោក ពីការឡើងកាន់អំណាច នៅខែមករា ឆ្នាំ ២០២៣ ។

មេដឹកនាំប្រេស៊ីល ក៏បានថ្កោលទោសចំពោះទង្វើរបស់លោក Eduardo Bolsonaro ដែលជាអនុប្រធានសហព័ន្ធនៅក្នុងសភាប្រេស៊ីល និងជាកូនប្រុសរបស់អតីតប្រធានាធិបតីផងដែរ សម្រាប់ការជំរុញឱ្យថ្នាក់ដឹកនាំសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មប្រឆាំងនឹងប្រេស៊ីល។
គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រកាសចាត់វិធានការប្រឆាំងនឹងការកាត់ទោសអតីតប្រធានាធិបតីប្រេស៊ីល ឱ្យជាប់ពន្ធនាគារ ២៧ ឆ្នាំ ពីបទប៉ុនប៉ង់រដ្ឋប្រហារ៕

ដោយ៖ ពេជ្រ