ខេត្តស្វាយរៀង៖លោកស្រី យក់ ស៊ីណាត អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស តំណាងឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានអញ្ជេីញជាអធិបតីក្នុងទិវាអន្តរសាសនាប្រឆាំងការជួញដូរមនុស្ស ក្រោមប្រធានបទ«សុខដុមនីយកម្មសាសនានៅកម្ពុជាជាសក្តានុពលក្នុងការប្រឆាំងការជួញដូរមនុស្សគ្រប់ទម្រង់នាសម័យបច្ចេកវិទ្យា»ព្រឹកថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២៥នេះ។

ពិធីនេះមានកាេនិមន្ត និងអញ្ជេីញចូលរួមពីព្រះសង្ឃ ថ្នាក់ដឹកនាំ និងសាសនិកសាសនាឥស្លាម និងថ្នាក់ដឹកនាំ និងសាវៈនៃសាសនាគ្រឹស្ត ថ្នាក់ដឹកនាំមហាយាន្ត និងបាហៃសាសនា លោក លោកស្រីប្រធាន អនុប្រធាន សមាជិកនៃក្រុមការងារទាំង៦ នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស លោកគ្រូ អ្នកគ្រូ សិស្សានុសសិស្ស និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអាជ្ញាធរពាក់ព័ន្ធមួយចំនួនទៀត។
លោកស្រីអភិបាលរងខេត្តមានប្រសាសន៍ថា ថ្ងៃនេះ គណៈកម្មាធិកាប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តបានរៀបចំជាមីទ្ទិញជួបជុំគ្នា ដើម្បីបង្ហាញអំពីមោទកភាពជាតិខ្មែរ ដែលមានសុខុដុមនីយកម្មសាសនា រួមគ្នាជាធ្លុងមួយក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងប្រឆាំងអំពើជួញដូរមនុស្ស ដែលកំពុងក្លាយជាឧក្រឹដ្ឋកម្មដ៏ក្តៅគគុក និងក្លាយជាទាសភាពសម័យទំនើប នាសម័យកាលដែលមានវិទ្យាសាស្ត្រ បច្ចេកវិទ្យាជឿនលឿន ដែលហៅថា សម័យឌីជីថលនេះ។

លោកស្រីបន្តថា ទិវាអន្តរសាសនានាឆ្នាំនេះក្រោមប្រធានបទ «សុខដុមនីយកម្មសាសនានៅកម្ពុជាជាសក្តានុពលក្នុងការប្រឆាំងការជួញដូរមនុស្សគ្រប់ទម្រង់នាសម័យបច្ចេកវិទ្យា» ដែលស្របទៅនឹងការវិវត្តន៍នៃទស្សនៈ និងឥរិយាបទមនុស្សក្នុងសង្គមដែលកាន់តែជឿនលឿន និងកំពុងរស់ក្នុងសម័យកាលនៃការរីកចម្រើនវិស័យបច្ចេកវិទ្យាវិទ្យាសាស្ត្រ ដ៏ទំនើបសព្វថ្ងៃនេះ។ ប៉ុន្តែ វិទ្យាសាស្ត្រដែលខ្វះគុណធម៌អាចនាំមកនូវគ្រោះមហន្តរាយដោយចៀសមិនរួច ហើយរឹតតែសាហាវឃោរឃៅ និងជះឥទ្ធិពលបានកាន់តែលឿនពិបាកទប់ទល់ ហេតុនេះ ការអប់រំកាយ វាចា ចិត្ត ទៅតាមគន្លងនៃសាសនា ពិតជាមានសារសំខាន់ណាស់ ហើយក៏គប្បីបង្កើនល្បឿននៃការអប់រំនេះឱ្យបានឆាប់ និងឱ្យបានច្រើន ដើម្បីទប់ស្កាត់ការភ្លេចខ្លួនដែលនាំឱ្យអន្តរាយ តាំងពីវ័យក្មេងជាកុមារតូច រហូតដល់វ័យជាមនុស្សចាស់ នៅគ្រប់ស្រទាប់នៃមហាជនគ្រប់ច្រកល្ហក មន្រ្តីរាជការស៊ីវិលគ្រប់ថ្នាក់ និងសមត្ថកិច្ចគ្រប់ផ្នែកទូទាំងប្រទេស ។
លោកស្រីអភិបាលរងខេត្តបានធ្វើការផ្តល់នូវមតិណែនាំ និងសំណូមពរមួយចំនួនដូចជា
១. ដោយបានយល់ដឹងទាំងអស់គ្នាហើយថា ការអប់រំសីលធម៌តាមគន្លងនៃសាសនា គឺជាមូលដ្ឋានគ្រឹះនៃការរស់នៅប្រកបដោយសីលធម៌ និងគុណធម៌ អាចឲ្យមនុស្សទទួលយកដោយសន្តិវិធីនូវការយ់ដឹងដ៏ទន់ភ្លន់ សម្រាប់សេចក្តីសុខ សន្តិភាពផ្លូវកាយ ផ្លូវចិត្តដល់មនុស្សគ្រប់រូប ក្នុងសង្គម ខ្ញុំព្រះករុណា នាងខ្ញុំ សូមអំពាវនាវ ដល់ពលរដ្ឋគ្រប់រូប ព្យាយាមយកចិត្តទុកដាក់ ស្តាប់ព្រះធម៌អប់រំខ្លួន ឱ្យបានល្អ ប្រើការគិតពិចារណាឱ្យបានច្រើន និងរៀបចំខ្លួនឱ្យក្លាយជាពលរដ្ឋល្អ មានសេចក្តីថ្លៃថ្នូរ តែរឹងមាំ មិនសន្តិភាពជាមួយជនល្មើស និងចូលរួមប្រព្រឹត្តបទល្មើស ដែលបង្កគ្រោះមហន្តរាយដល់ខ្លួន និងអ្នកដទៃ ។
២. សូមអំពាវនាវ ដល់អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ជួយបង្កលក្ខណៈ ឱ្យមានការធ្វើសកម្មភាពបែបសាសនា ក្នុងគោលដៅអប់រំសង្គម ឱ្យមានសុវត្ថិភាពនៅតាមបណ្តា ភូមិ ឃុំ សង្កាត់ ដែលនឹងជួយដល់សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ក្នុងសង្គម ដោយសារតែមនុស្សមានការអប់រំ និងសណ្តាប់ធ្នាប់ល្អ ៕Kimseng







