ខេត្តរតនគិរី÷ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីក្រោយសម្រាកពីការងាររដ្ឋនៅពេលល្ងាចមកកាត់មែកឈឺដុះស៊ុបទ្រុប និងដើមផ្ការនៅជុំវិញសួនច្បារក្បែរគ្រួសារសត្វដំរី និងសួនច្បារសត្វអកនៅមាត់បឹងកន្សែង ដើម្បីការអភិវឌ្ឍន៍ និងកែលម្អឲ្យមានសោភ័ណភាពល្អ កាន់តែស្រស់បម្រង និងទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ចូលមកទេសនាកំសាន្តឲ្យបានកាន់តែច្រើនបន្ថែមទៀត។

ជាក់ស្ដែងនៅល្ងាចថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ នៅបរិវេណជុំវិញមាត់បឹងកន្លែង ស្ថិតក្នុងភូមិទេសអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង។
លោក កៃ សាវិន អភិបាលរងក្រុងបានលុង ទទួលបន្ទុកសណ្ដាប់ធ្នាប់ បានបញ្ជាក់ថា ឯកឧត្តមអភិបាលខេត្តលោកមិនប្រកាន់ខ្លួន ឬខ្ពស់ទាបនោះទេអ្វីក៏លោកធ្វើទាំងអស់ ដូចជាបោសសំរាមនៅតាមដងផ្លូវសាធារណៈ កាត់មែកឈើដែលដាំកែលម្អសោភ័ណភាពនៅតាមដងផ្លូវមុខផ្ទះប្រជាពលរដ្ឋ និងកាត់តម្រឹមដើមផ្កាជាដើម។ល។

លោក កៃ សាវិន បានបញ្ជាក់ទៀតថា សូមឲ្យបងប្អូនប្រជាពលរដ្ឋដែលហូបរួចហើយត្រូវវេចខ្ចប់ទុកដាក់ថង់ប្លាស្ទិចឲ្យបានត្រឹមត្រូវ កុំហូបរួចហើយនាំគ្នាបោះចោលពាសវាលពាសកាល ធ្វើឲ្យប៉ះពាល់ទៅដល់បរិស្ថាននៅក្នុងក្រុង ពេលទឹកហូរតាមដងផ្លូវចូលទៅតាមប្រព័ន្ធលូទឹកស្អុយហូរទៅជាមួយថង់ប្លាស្ទិចបង្កការកកស្ទះ ធ្វើឲ្យផ្លូវមួយចំនួនរងការបាក់និងស្រុតដី កាលពីកន្លងទៅនៅទល់មុខមណ្ឌលសុខភាពក្រុងបានលុង បាក់ស្រុតដីក្បែរផ្លូវបេតុងនៅមាត់អូរ ខណៈមេឃភ្លៀងជាច្រើនម៉ោង ទឹកមិនបានហូរចូលតាមប្រព័ន្ធលូ មកលើការ៉ូឡាធ្វើឲ្យបាក់ស្រុតដីតែម្ដង៕

