ជប៉ុន៖ លោក ស៊ី កំពុងបង្អួតសាច់ដុំដាក់អាមេរិក តាមរយៈព្យុហយាត្រាដ៏ធំសម្បើមមិនធ្លាប់មាន

អ្នកជំនាញជប៉ុន បានប្រាប់កាសែតក្នុងស្រុកថា ក្បួនដង្ហែរព្យុហយាត្រាយោធារបស់កងទ័ពរំដោះប្រជាជនចិន បានបង្ហាញយ៉ាងច្បាស់ថាទីក្រុងប៉េកាំង ត្រៀមខ្លួនជាស្រេចដើម្បីប្រកួតប្រជែងជាមួយសហរដ្ឋអាមេរិក ។

លោក Masayuki Masuda ប្រធាននាយកដ្ឋានចិននៅវិទ្យាស្ថានស្រាវជ្រាវក្រោមក្រសួងការពារជាតិជប៉ុន បាននិយាយថា ចិន កំពុងបន្តស្វែងរកការពង្រឹងជំហរក្នុងនាមជាមេដឹកនាំមួយនៃសហគមន៍អន្តរជាតិ។

លោក បានបន្ថែមថា ក្បួនព្យុហយាត្រានេះ គូសបញ្ជាក់អំពីចេតនាជាយុទ្ធសាស្ត្ររបស់ទីក្រុងប៉េកាំងក្នុងការប្រជែងនឹងឧត្តមភាពយោធារបស់សហរដ្ឋអាមេរិក នៅតំបន់ភាគខាងលិចនៃមហាសមុទ្រប៉ាស៊ីហ្វិក ជាពិសេសទាក់ទងនឹងតៃវ៉ាន់។

ទន្ទឹមនោះ លោក ក៏បានចង្អុលបង្ហាញថា សមាសធាតុទាំងអស់នៃអាវុធនុយក្លេអ៊ែររបស់ចិន ជាលើកដំបូងត្រូវបានដាក់តាំងបង្ហាញនៅទីលានធានអានមេន ទីក្រុងប៉េកាំង រួមជាមួយនឹងមីស៊ីល និងអាវុធល្បឿនលឿន។

អ្នកវិភាគរូបនេះ បន្តថា ព្យុហយាត្រាមុនៗគ្រាន់តែបង្ហាញពីវឌ្ឍនភាពក្នុងការអភិវឌ្ឍន៍អាវុធជាក់លាក់ប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលនេះទីក្រុងប៉េកាំង បានស្វែងរកយ៉ាងច្បាស់ដើម្បីធ្វើឱ្យសហរដ្ឋអាមេរិកមើលឃើញពីសមត្ថភាពដ៏ទូលំទូលាយរបស់ខ្លួនក្នុងការអនុវត្តប្រតិបត្តិការយោធាជាក់ស្តែង ក៏ដូចជាសមិទ្ធិផលក្នុងការកសាងកម្លាំងយោធារបស់ប្រទេស។

គួរបញ្ជាក់ថា ចិន បានចាប់ផ្ដើមក្បួនព្យុហយាត្រាដ៏ធំមួយមិនធ្លាប់មាន កាលពីម្សិលមិញ ដែលមានការចូលរួមពីលោក ពូទីន និងលោក គីម ជុងអ៊ុន ផងដែរ ក្នុងខួបលើកទី ៨០ នៃជ័យជំនះក្នុងសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក៕

ដោយ៖ ពេជ្រ                      

Written by 

Related posts

Leave a Comment