ក្រោយស្មើជាមួយកម្ពុជា ០-០ ក្នុងវគ្គជម្រុះពាន AFC U23 Asian Cup ឆ្នាំ២០២៦ ពូល G លោក Badar Al-Maymani គ្រូបង្វឹកក្រុមជម្រើសជាតិ U23 អូម៉ង់ ហាក់មិនសប្បាយចិត្តជាខ្លាំង ពិសេសលោកបានសម្ដែងការខកចិត្ត ចំពោះស្នងការប្រកួតដែលអនុញ្ញាតឲ្យក្រុមទាំងពីរលេងទាំងភ្លៀង និងទីលានដក់ទឹក។
គ្រូ U23 អូម៉ង់ បានលើកឡើងក្នុងសន្និសីទសារព័ត៌មានប្រកួតថា «ខ្ញុំសប្បាយចិត្តចំពោះការធ្វើបានរបស់កីឡាករយើង តែយើងមិនសូវសប្បាយចិត្តជាមួយអាកាសធាតុ(ភ្លៀង)នោះទេ ហើយខ្ញុំក៏មិនសប្បាយចិត្តជាមួយស្នងការប្រកួតផងដែរ ដែលឲ្យបន្ដការប្រកួតទាំងភ្លៀង និងទីលានមានទឹកដក់ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ការលេងរបស់កូនក្រុម ។ ខ្ញុំគិតថា នៅក្រៅគេមិនឲ្យលេងទេ តែស្នងការប្រកួតនេះ បែរឲ្យលេង»។
លទ្ធផលស្មើគ្នានេះដែរ នាំឲ្យក្រុមម្ចាស់ផ្ទះកម្ពុជា និង អូម៉ង់ ទទួលបាន ១ពិន្ទុស្មើគ្នា ដោយឈរលេខ២ និងលេខ៣ បណ្ដោះអាសន្ន តាមពីក្រោយក្រុមជម្រើសជាតិ U23 អ៊ីរ៉ាក់ ដែលរកបាន ៣ពិន្ទុ និងឈរកំពូលតារាង បន្ទាប់ពីយកឈ្នះក្រុមជម្រើសជាតិ U23 ប៉ាគីស្ថាន យ៉ាងចាស់ដៃ ៨-១ នៅថ្ងៃជាមួយគ្នា។ សម្រាប់ប្រកួតបន្ទាប់ កម្ពុជា នឹងត្រូវជួបប៉ាគីស្ថាន គ្រាដែលអ៊ីរ៉ាក់ នឹងត្រូវជួបអូម៉ង់ នាថ្ងៃទី៦ ខែកញ្ញាចុងសប្ដាហ៍នេះ នៅពហុកីឡដ្ឋានជាតិ (អូឡាំពិក)៕
