កាលពីទី៣១ ខែសីហា លោក Wang Huning ប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានជួបពិភាក្សាការងារជាមួយសម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាដែលអញ្ជើញចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO) ឆ្នាំ ២០២៥ នៅទីក្រុងប៉េកាំង។
ថ្លែងក្នុងកិច្ចជំនួប លោក Wang Huning បានលើកឡើងថា ទំនាក់ទំនងចិន-កម្ពុជាឆ្លងកាត់ពេលវេលារឹតតែយូរ រឹតតែរឹងមាំ ។ កាលពីទី៣០ខែសីហា លោក Xi Jinping ប្រធានរដ្ឋចិនបានជួបពិភាក្សាការងារជាមួយសម្ដេច ដោយបានចង្អុលបង្ហាញទិសដៅយ៉ាងច្បាស់លាស់ក្នុងការធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ។ ភាគីទាំងពីរគួរតែអនុវត្តតាមគំនិតឯកភាពរួមជាយុទ្ធសាស្ត្ររបស់មេដឹកនាំនៃប្រទេសទាំងពីរ ប្រកាន់ខ្ជាប់នូវបំណងប្រាថ្នាដើមនៃមិត្តភាព ពង្រឹងជំនឿនៃសាមគ្គីភាព ធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ ដើម្បីរួមចំណែកជាវិជ្ជមានដល់សន្តិភាព ស្ថិរភាព វិបុលភាព និងការអភិវឌ្ឍនៃតំបន់ ។ សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនមានឆន្ទៈបង្កើនការផ្លាស់ប្តូរ និងការរៀនសូត្រពីគ្នាទៅវិញទៅមកជាមួយប្រទេសកម្ពុជា ដើម្បីដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញការកសាងសហគមន៍ជោគវាសនារួមរវាងចិននិងកម្ពុជាគ្រប់រដូវកាលក្នុងយុគសម័យថ្មី។
ជាការឆ្លើយតប សម្ដេច ហ៊ុន ម៉ាណែតបានថ្លែងអំណរគុណចំពោះប្រទេសចិនដែលបានផ្តល់ការគាំទ្រ និងជំនួយដល់កម្ពុជាក្នុងរយៈពេលយូរមក ដោយបានកត់សម្គាល់ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក Xi Jinping ប្រធានរដ្ឋចិននៅប្រទេសកម្ពុជាកាលពីខែមេសាឆ្នាំនេះ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងទំនាក់ទំនងទ្វេភាគី។ កម្ពុជាមានឆន្ទៈអនុវត្តតាមសមិទ្ធផលនៃដំណើរទស្សនកិច្ចនេះ ធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ និងរួមគ្នាគាំពារសន្តិភាព និងស្ថិរភាពក្នុងតំបន់៕
