ជាង៣ទសវត្សកន្លងទៅ នៅរៀងរាល់ឆ្នាំនាខែតុលា ហាក់រំលឹកឡើងវិញដល់ស្រទាប់មនុស្សចាស់ នៅកម្ពុជាដែលបានរស់រានមានជីវិត ហើយដែលធ្លាប់បានភ្លក្សរសជាតិនៃទុក្ខវេទនាដ៏សែនគ្រាំគ្រា មហាខ្លោចផ្សា ឱ្យចងចាំជាប់ជានិច្ចមិនអាចបំភ្លេចសោះឡើយពីព្រឹត្តិការណ៍អតីតកាលនៃមហន្តរាយ វិនាសកម្មដោយសង្គ្រាមនិងរបបប្រល័យពូជសាសន៍នៅលើទឹកដីមាតុភូមិដ៏សែនកម្សត់របស់ខ្លួន។
នៅខែតុលា ឆ្នាំ២០២៥នេះ ដោយការរំពើកបន្ថែមពីឧបទ្ទវហេតុនៃសង្គ្រាម ៥ថ្ងៃ ជាមួយប្រទេស សៀម ការចងចាំនេះបានរំឭកជាថ្មីឡើងវិញនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកាលពី៣៤ឆ្នាំមុន ដែលឥស្សរជននយោបាយជាន់ខ្ពស់នៃគ្រប់ភាគីប្រដាប់អាវុធស្នេហាជាតិកម្ពុជា ដោយមានការជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។
បរិយាកាសដែលនាំឱ្យមានកិច្ចព្រមព្រៀងនៅពេលនោះ មួយចំណែកគឺបានមកដោយសារ ភាពអំណោយផលនៃសណ្ដាប់ធ្នាប់ពិភពលោក (The World Order)ក្រោយសម័យសង្គ្រាមត្រជាក់ (The Cold War)() ដែលធ្វើឱ្យមានកុងសង់ស៊ុស (Consensus) ជាអន្តរជាតិនៃបណ្ដាប្រទេសទាំងធំ ទាំងមធ្យម ទាំងតូច ជាអ្នកពាក់ព័ន្ធដោយផ្ទាល់ឬដោយប្រយោលជាមួយសង្គ្រាមនៅកម្ពុជា។ មួយចំណែកសំខាន់ទៀត គឺដោយសារទឹកចិត្តស្នេហាជាតិបរិសុទ្ធរបស់ភាគីកម្ពុជាទាំង៤ដែលបានស្រុះស្រួលគ្នាក្នុងស្មារតីផ្សះផ្សា បង្រួបបង្រួមជាតិ ដើម្បីបញ្ចប់ជម្លោះផ្ទៃក្នុងនៅកម្ពុជា។ ជម្លោះនេះទៀតសោតកន្លងទៅត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយជាទូទៅនិងជាសាកលថាជាសង្គ្រាមស៊ីវិលនៅកម្ពុជា។
ក្នុងនាមកូនខ្មែរមួយរូបដែលជាសាក្សីរស់នៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ មុនបង្អស់ខ្ញុំសូមលំឱនកាយគោរពព្រលឹងនិងវិញ្ញាណក្ខន្ធបុព្វបុរស អ្នកស្នេហាជាតិ និងពលរដ្ឋរួមជាតិទាំងអស់ដែលបានស្លាប់បាត់បង់ជីវិតដោយសារសង្គ្រាមនិងរបបប្រល័យពូជសាសន៍នៅកម្ពុជា រួមទាំងពលីកម្មរបស់វីរកងទ័ព ដ៏អង់អាចក្លាហាននិងបងប្អូនប្រជាជនខ្មែរដ៏ស្លូតត្រង់ក្នុងសង្គ្រាម៥ថ្ងៃកន្លងទៅថ្មីៗនេះផង។
ខ្ញុំសូមអនុញ្ញាតធ្វើការវិភាគដោយសង្ខេបនិងចែករំលែកនូវការយល់ដឹងផ្ទាល់របស់ខ្លួនជុំវិញ សង្គ្រាមជិត៣០ឆ្នាំនៅកម្ពុជា ចន្លោះពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៩៨ ដូចខាងក្រោម៖
១. សង្គ្រាមផ្ទៃក្នុងនៅកម្ពុជាពិតមែនតែកើតឡើងពីជម្លោះផ្ទៃក្នុងនៃអ្នកស្នេហាជាតិកម្ពុជា ប៉ុន្តែ សង្គ្រាមនេះត្រូវបានអុចអាល ញុះញង់ បង្កាត់ បំពក់ដុតឱ្យឆាបឆេះ រោលរាល និងអូសបន្លាយដោយសារចំហាយឥទ្ធិពលនៃការប្រកួតប្រជែងដណ្ដើមភូមិសាស្ត្រនយោបាយឬនយោបាយភូមិសាស្ត្រ (Geopolitics) របស់មហាអំណាចពិភពលោកក្នុងសម័យសង្គ្រាមត្រជាក់ចន្លោះពីឆ្នាំ១៩៤៧ ដល់ឆ្នាំ១៩៩១។ តាំងពីដើមរៀងមក កម្ពុជាគ្រាន់តែជាអ្នករងគ្រោះដោយសារសង្គ្រាមត្រជាក់ ហើយនាពេលបច្ចុប្បន្ននេះទៀតសោត សន្តិភាពនៅកម្ពុជាត្រូវបានគំរាមកំហែងដោយសង្គ្រាមដែលប្រទេសជិតខាងជាអ្នកបង្កឡើងតែប៉ុណ្ណោះ។
ក្រៅពីនេះ គេគួរតែសិក្សាបន្ថែមទៀតពីមូលហេតុជាបច្ច័យនៃគំនាបប្រវត្តិសាស្ត្រដែលជាមរតក (Legacy) បន្សល់ទុកដោយការធ្វើអាណានិគមនិយម (Colonization) របស់បរទេសមកលើកម្ពុជា តាំងពីយូរលង់ណាស់មកហើយ ជាអាទិ៍ កេរដំណែលដ៏សែនស្មុគស្មាញដែលជាបញ្ហាទំនាស់ព្រំដែន (Border Dispute) រវាងកម្ពុជាជាមួយប្រទេសជិតខាង។
ការពិត បណ្ដាប្រទេសមហាអំណាចពិភពលោកដែលពោរពេញទៅដោយអនុត្តរមហិច្ឆតា (Hegemonic Ambition) រៀងៗខ្លួន តែងតែមានបរិវារកូនជឹងដែលជាអនុមហាអំណាចតាមតំបន់ (Regional Hegemons)()។ហេតុនេះ ប្រទេសតូចដូចកម្ពុជាលំបាកគេចផុតពីចំហាយឥទ្ធិពល ពីនយោបាយ និងពីមហិច្ឆតារបស់ពពួកទេវតាលោកិយខាងលើនេះណាស់។
អព្យាក្រឹតភាព ឯករាជភាព និងបូរណភាពទឹកដីរបស់ប្រទេសតូចៗ គឺអាស្រ័យដោយប្រទេសធំជាអ្នកកំណត់ ព្រោះពួកគេជាអ្នករៀបចំ គ្រប់គ្រង កំណត់សណ្ដាប់ធ្នាប់ពិភពលោក ដែលបច្ចុប្បន្នបានផ្លាស់ប្ដូរទៅជាពិភពលោកពហុប៉ូល (Multipolar World)() រួចទៅហើយ។
២. សង្គ្រាមផ្ទៃក្នុងកម្ពុជាមិនអាចបញ្ចប់បានសោះឡើយ ប្រសិនបើគុណតម្លៃជាប្រយោជន៍នៃ ការបញ្ចប់ជម្លោះផ្ទៃក្នុងកម្ពុជាមិនបានផ្ដល់ប្រយោជន៍ដល់ភាគីពាក់ព័ន្ធពីខាងក្រៅដែលជាប្រទេស មហាអំណាចពិភពលោកនិងជាប្រទេសអនុមហាអំណាចតំបន់។
គុណតម្លៃជាប្រយោជន៍នេះផ្លាស់ប្ដូរ ប្រែប្រួល បត់បែនតាមពេលវេលា កាលៈទេសៈ និងបរិយាកាស ព្រោះវិធាននៃល្បែង (Rule of the Game)របស់អ្នកលេងភូមិសាស្ត្រនយោបាយគឺ “គ្មានទេមិត្ត គ្មានទេ សត្រូវ មានតែប្រយោជន៍”។ លោក ហង់រី គីស៊ីងហ្គ័រ (Henry Kissinger) ជាអតីតរដ្ឋមន្ត្រីការបរទេស និងជាទីប្រឹក្សាសន្តិសុខរដ្ឋបាលប្រធានាធិបតីអាមេរិក ដែលអាចចាត់ទុកថាជាអ្នកនយោបាយនៅ ពីក្រោយផ្ទាល់សង្គ្រាមឥណ្ឌូចិន វៀតណាម ឡាវ និងកម្ពុជា គាត់ធ្លាប់និយាយថា “America Has No Permanent Friends or Enemies, Only Interests” ប្រែមកថា “ អាមេរិកគ្មានមិត្តឬសត្រូវជាអចិន្ត្រៃយ៍ទេ មានតែប្រយោជន៍មួយប៉ុណ្ណោះ” ។
៣.កត្តាកំណត់បញ្ចប់សង្គ្រាមផ្ទៃក្នុងកម្ពុជា គឺការចរចា ស្រុះស្រួល ព្រមព្រៀងគ្នារវាងភាគី ខ្មែរស្នេហាជាតិ ទាំង៤ រួមមាន ភាគីរដ្ឋកម្ពុជា ភាគីរាជានិយម ភាគីសាធារណរដ្ឋ និងភាគីខ្មែរក្រហម។ ក្នុងនោះ ភាគីកំណត់កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ គឺភាគីរដ្ឋកម្ពុជាដែលជា ភាគីធំកាន់អំណាចពិតប្រាកដដោយបានគ្រប់គ្រងរចនាសម្ព័ន្ធរដ្ឋបាលជាក់ស្ដែងលើទឹកដីនិងប្រជាជន ជាង ៩០% ។
គេអាចស្រមៃឃើញយ៉ាងច្បាស់ថា ប្រសិនបើភាគីរដ្ឋកម្ពុជាគ្មានភាពស្មោះត្រង់ សុខចិត្តលះបង់ ធ្វើសម្បទានច្រើនជាងគេ ក្នុងការចរចាធ្វើឱ្យមានការព្រមព្រៀងនិងក្នុងការអនុវត្តកិច្ចព្រមព្រៀងដើម្បី បញ្ចប់សង្គ្រាមប្ដូរយកសន្តិភាពទេនោះ តើមានសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ២៣តុលា បានឬទេ? ក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួចហើយ ពេលចាប់ផ្ដើមអនុវត្ត ភាគីខ្មែរក្រហមបានដើរចោលកិច្ចព្រមព្រៀង។ ពេលនោះ ប្រសិនបើភាគីរដ្ឋកម្ពុជាដើរចោលវិញ តើបេសកកម្មដ៏ធំជាងគេក្នុងប្រវត្តិរបស់អង្គការសហប្រជាជាតិដែលមានកម្លាំងទ័ពមួកខៀវនិងមន្ត្រីស៊ីវិលជាង ១ម៉ឺន២ពាន់នាក់ និងបានចំណាយលុយអស់ជិត ២ពាន់លានដុល្លារ នៅពេលនោះ នឹងក្លាយទៅជាយ៉ាងណា? តើមានពន្លឺឬស្រមោលសន្តិភាពនៅកម្ពុជាដោយពិតប្រាកដបានឬទេ?
សរុបមកវិញ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ឆ្នាំ១៩៩១ គ្រាន់តែជាឯកសារផែនការសន្តិភាព (Peace Plan) សម្រាប់ដោះស្រាយបញ្ហាកម្ពុជា។ វាក៏អាចជាផែនទីបង្ហាញផ្លូវ (Roadmap) សម្រាប់កម្ពុជាឆ្ពោះទៅកាន់ការបញ្ចប់សង្គ្រាមដោយខ្លួនឯង ដើម្បីបុព្វហេតុសន្តិភាព វឌ្ឍនភាព និងវិបុលភាពយូរអង្វែងរបស់កម្ពុជានាពេលក្រោយមកទៀតតែប៉ុណ្ណោះ។
ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់ៗដែលបានកើតឡើងនៅកម្ពុជាក្នុងរយៈពេលជាង៣ទសវត្ស ក្រោយការបញ្ចប់បេសកកម្មអន្តរាគមន៍ដ៏ធំសម្បើមរបស់អង្គការសហប្រជាជាតិ (អ.ស.ប.) នៅឆ្នាំ១៩៩៣ បានបង្ហាញច្បាស់ថា សន្តិភាពរបស់ប្រទេសមួយកើតមានឡើងនិងថែរក្សាការពារឱ្យស្ថិតស្ថេរចីរកាល ទៅបាន គឺអាស្រ័យដោយប្រជាជនម្ចាស់ស្រុកខ្លួនឯងផ្ទាល់។ រីឯការជួយឧបត្ថម្ភគាំទ្រពីខាងក្រៅរបស់ សហគមន៍អន្តរជាតិ ដែលជាធាតុគួបផ្សំមិនអាចកាត់ផ្ដាច់បាន គឺដើម្បីធានាបរិយាកាសនយោបាយ ភូមិសាស្ត្រនិងសណ្ដាប់ធ្នាប់ពិភពលោកដែលសម្របសម្រួលផ្ដល់អំណោយផលដល់បរិបទផ្ទៃក្នុងរបស់ ប្រទេសនោះ។
ចុងក្រោយ សង្គ្រាមផ្ទៃក្នុងកម្ពុជាត្រូវបានបញ្ចប់នៅឆ្នាំ១៩៩៨ ដោយនយោបាយឈ្នះឈ្នះរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា ។
ហេតុនេះ ប្រការដែលមានមតិលើកឡើងថា មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ពីកាលណោះ ទើបមានអ្វីៗទាំងអស់នៅពេលនេះ រាប់ចាប់តាំងពីសន្តិភាព វិបុលភាព និងប្រជាធិបតេយ្យនៅកម្ពុជា គឺហាក់ដូចជាការបំផ្លើសសច្ចធម៌ប្រវត្តិសាស្ត្ររបស់កម្ពុជា។ ការពិត អ្វីដែលកំពុងកើតឡើង នៅពេលបច្ចុប្បន្ន បានបង្ហាញច្បាស់នូវតថភាព (Reality) ជាក់ស្ដែងពីបុព្វបទ (Prelude) ពីអត្ថិភាព (Existence) និងពីចក្ខុទស្សន៍(Perspective) របស់កម្ពុជានៅលើដំណើរផ្លូវទៅកាន់អនាគតវែងឆ្ងាយដែលពលរដ្ឋរួមជាតិទាំងអស់ មិនគួរបំភ្លេច បំភ្លៃ ឬបំផ្លាញទៅតាមមហិច្ឆតានយោបាយផ្ទាល់ខ្លួននោះ ឡើយ។
មតិដែលបានលើកឡើងតាមមេសូត្រច្រំដែល (Rhetoric) ពីប្រការដែលថាត្រូវយកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា មកអនុវត្តឡើងវិញសម្រាប់ធ្វើជាមធ្យោបាយដោះស្រាយនៅពេលដែលកម្ពុជាជួបបញ្ហាប្រឈមនានា តួយ៉ាងដូចជាសង្គ្រាម៥ថ្ងៃកន្លងទៅ គឺជាក្ដីស្រមៃ(Delusion) ហួសឆ្ងាយពីការពិតជាក់ស្ដែង (Beyond the Reality) និងជាសំណូមពរមួយដែលមិនអាចទៅរួច (Demand the Impossible) ។ ព្រោះថា គេមិនអាចយកកម្ពុជាដែលកំពុងស្ថិតក្នុងស្ថានភាព ទេសៈកាលៈនៃបរិការណ៍នាពេលសព្វថ្ងៃត្រលប់ទៅកាន់អ្វីៗដែលបានកន្លងផុតទៅកាលពីជាង៣០ឆ្នាំមុននោះបានឡើយ បើគិតពីទិដ្ឋភាពគតិយុត្ត (Juridical Aspect) នីតិរដ្ឋ (Rule of Law) និងលទ្ធិប្រជាធិបតេយ្យ (Democracy) ។ល។
ម្យ៉ាងវិញទៀត ប្រសិនបើនៅតែសំអាងគ្មានទីបញ្ចប់លើកិច្ចព្រមព្រៀងមួយដែលអស់អាជ្ញាយុកាលទៅហើយនោះ វានាំឱ្យមានបច្ច័យមិនគាប់ប្រសើរ ៣យ៉ាង៖
មួយគឺ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣តុលា ១៩៩១ ពុំមានគុណតម្លៃអ្វីសោះសម្រាប់ ការវិវត្តរីកចម្រើនរបស់កម្ពុជាក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមករហូតដល់បច្ចុប្បន្ននេះ។
ពីរគឺ កម្ពុជាពុំអាចធ្វើអ្វីដោយខ្លួនឯងបាន ព្រោះតែពុំជឿជាក់លើកម្លាំងខ្លួនឯង ហើយនៅតែបន្តរស់ដោយក្ដីសោកសង្រេង ស្រមើស្រមៃពីអតីតកាលដ៏ខ្មៅងងឹត ដោយពុំព្រមរៀនសូត្រពីកំហុសរបស់ខ្លួនឯងម្ដងណាសោះឡើយ(No Lessons Learned)។
បីគឺ សហគមន៍អន្តរជាតិប្រាកដជាខកចិត្តនិងលែងមានជំនឿលើសមត្ថភាពផ្ទាល់របស់កម្ពុជា ព្រោះយើងប្រៀបហាក់ដូចជាកុមារពិការដែលត្រូវការជំនួយនិងការគាំទ្រពីខាងក្រៅជារៀងរហូតគ្មាន ទីបញ្ចប់។
ឆ្លងកាត់ ប្រឈមនឹងស្ថានការណ៍ប្រែប្រួលឆាប់រហ័សនិងមិនប្រាកដប្រជានៃពិភពលោកបច្ចុប្បន្ន ប្រទេសនីមួយៗមិនអាចស្ថិតស្ថេរ គង់វង្សបានទេ ប្រសិនបើយើងគ្មានភាពធន់ (Resilience) សមល្មមដើម្បីរស់រានមានជីវិតដោយខ្លួនឯង និងបន្តជំហានយ៉ាងរឹងមាំលើកំណាត់ផ្លូវដ៏សែនចម្រូងចម្រាសឆ្ពោះទៅអនាគត។
និយាយយ៉ាងសាមញ្ញឱ្យងាយស្រួលស្ដាប់ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសត្រូវបានធ្វើបរិវត្តកម្ម (Transformation) រួចស្រេចហើយទៅជារដ្ឋធម្មនុញ្ញ ទៅជាប្រទេសនីតិរដ្ឋប្រកាន់របបប្រជាធិបតេយ្យ សេរី ពហុបក្ស នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាដែលកំពុងមានសន្តិភាព វឌ្ឍនភាពនិងវិបុលភាព។
ខ្ញុំសង្ឃឹមថា រឿងរ៉ាវប្រវត្តិសាស្ត្ររបស់កម្ពុជាតាំងពីដើមរៀងមកទល់ដល់សព្វថ្ងៃ មិនត្រឹមតែជា មេរៀនពិសោធសម្រាប់កម្ពុជាខ្លួនឯងប៉ុណ្ណោះទេ វាពិតជាអាចនឹងក្លាយជាមេរៀនពិសោធសម្រាប់ប្រទេសដទៃទៀតផងដែរ រួមមាន អ៊ុយក្រែន ប៉ាឡេស្ទីន និងស៊ូដង់… ដែលបាននិងកំពុងឆ្លងកាត់ព្យុះព្យោមា នៃសង្គ្រាមគ្រប់យ៉ាង រួមទាំងប្រទេសដទៃដែលកំពុងឆ្លងកាត់កោលាហល ចលាចល និងការបះបោរផ្ទៃក្នុង (Unrests) ផ្សេងៗទៀត…។ល។
ស្មេរ ទេស ទុំ រាជធានីភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥
កំណត់ចំណាំ ៖ អត្ថបទនេះជាសំណេររបស់ ទេស ទុំ ដែលបានដកស្រង់និងកែសម្រួលខ្លឹមសារពីអត្ថបទដើមនៃសៀវភៅ “រដ្ឋមន្ត្រីកូវីដ” របស់ឯកឧត្ដមទេសរដ្ឋមន្ត្រី ព្រុំ សុខា អតីតរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ។




