មេដឹកនាំនៃក្រុមបះបោរស៊ីរី តាមសេចក្តីរាយការណ៍បាននិយាយថា លោកកំពុងសហការជាមួយអង្គការអន្តរជាតិ ដើម្បីធានាបាននូវការស្វែងរកអាវុធគីមីដែលត្រូវបានប្រើប្រាស់ដោយរដ្ឋាភិបាលរបស់អតីតប្រធានាធិបតី Bashar al-Assad ។
លោក Abu Mohammed al-Golani មេដឹកនាំក្រុមឧទ្ទាម Hayat Tahrir al-Sham បានធ្វើការកត់សម្គាល់នៅក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃពុធ។ កងកម្លាំងប្រឆាំងរដ្ឋាភិបាលដែលដឹកនាំដោយក្រុមនេះបានតែងតាំងនាយករដ្ឋមន្ត្រីចាំផ្ទះដើម្បីជំរុញការផ្ទេរអំណាចទៅរដ្ឋាភិបាលបណ្តោះអាសន្ន។
រដ្ឋបាលលោក Assad បានប្រឈមមុខនឹងការរិះគន់ពីអន្តរជាតិចំពោះការចោទប្រកាន់ថាបានប្រើប្រាស់អាវុធគីមីក្នុងអំឡុងពេលសង្គ្រាមស៊ីវិលរបស់ប្រទេសស៊ីរី។ លោក Golani ត្រូវបានដកស្រង់សម្តីដោយលោកបានថ្លែងថា លោកកំពុងតាមដានយ៉ាងដិតដល់នូវឃ្លាំងអាវុធគីមីដែលអាចកើតមាន និងសម្របសម្រួលជាមួយអង្គការអន្តរជាតិនានា ដើម្បីធានាសុវត្ថិភាពពួកគេ។ ក្រុមនេះបាននិយាយថា ខ្លួននឹងមិនប្រើអាវុធទាំងនោះក្នុងកាលៈទេសៈណាមួយឡើយ។ កត្តានោះបានបង្ហាញយ៉ាងច្បាស់ពីចេតនារបស់ខ្លួនក្នុងការដាក់ពួកគេឱ្យស្ថិតនៅក្រោមការឃ្លាំមើលអន្តរជាតិ។ លោក Golani ក៏បានប្រាប់រ៉យទ័រថា លោកនឹងរំលាយកងកម្លាំងសន្តិសុខរបស់រដ្ឋបាលមុន ហើយបិទពន្ធនាគារដែលមានមនុស្សជាច្រើនត្រូវបានឃុំខ្លួន។
អ្នកនាំពាក្យរងក្រសួងការពារជាតិអាមេរិក លោក Sabrina Singh បានស្វាគមន៍ចំពោះការលើកឡើងរបស់ Golani ស្តីពីអាវុធគីមី។ ប៉ុន្តែលោលបានអំពាវនាវឲ្យមានសកម្មភាពជាក់លាក់ និងមានប្រសិទ្ធភាព៕
ដោយ៖ ពេជ្រ