ក្រុមមន្ត្រី បានឱ្យដឹង កាលពីថ្ងៃពុធថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលទ្រង់ទ្រាយធំរបស់រុស្ស៊ី នៅទូទាំងប្រទេសអ៊ុយក្រែន សម្លាប់មនុស្ស ៦ នាក់ រួមទាំងស្ត្រីម្នាក់ និងក្មេងតូចៗ ២នាក់ ខណៈដែលកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិកដើម្បីបញ្ចប់សង្រ្គាម កំពុងស្រពិចស្រពិល និងជួបបញ្ហា ស្របពេលលោក ហ្សេលេនស្គី បន្តទទូចសុំជំនួយយោធាពីបរទេសបន្ថែមទៀត។

មីស៊ីល និងយន្តហោះគ្មានមនុស្សបើក បានវាយប្រហារទៅលើទីក្រុងយ៉ាងតិចចំនួន ៨ របស់អ៊ុយក្រែន ខណៈរបាយការណ៍ខូចខាត មិនទាន់រាយការណ៍នៅឡើយ។
អាជ្ញាធរ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៩ នាក់ រួមទាំងកុមារ ៥ នាក់ រងរបួសក្នុងការវាយប្រហារនៅរដ្ឋធានីគៀវ។
ទន្ទឹមនោះ អភិបាលក្រុងលោក Ihor Terekhov បាននិយាយថា យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីក៏បានវាយប្រហារសាលាមត្តេយ្យមួយក្នុងទីក្រុង Kharkov ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន។ លោក បន្តថា មនុស្សម្នាក់ស្លាប់ និង ៦នាក់រងរបួស ប៉ុន្តែមិនបញ្ជាក់ថា មនុស្សវ័យណានោះទេ។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានលើកឡើងថា កុមារជាច្រើនមានការតក់ស្លុត ដោយបន្ថែមថា ការវាយប្រហារ ផ្តោតទៅលើទីក្រុងគៀវ, Odesa, Chernihiv, Dnipropetrovsk, Kirovohrad, Poltava, Vinnytsia, Zaporizhzhia, Cherkasy និង Sumy ។
កងទ័ពអាកាសអ៊ុយក្រែន រាយការណ៍ថា រុស្សី បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ៤០៥ គ្រឿង និងមីស៊ីលចំនួន ២៨គ្រាប់ លើប្រទេសអ៊ុយក្រែន ដោយផ្តោតសំខាន់ទៅលើរដ្ឋធានីគៀវ៕

ដោយ៖ ពេជ្រ