មនុស្សបីនាក់ស្លាប់និងរបួសធ្ងន់បន្ទាប់ពីម៉ូតូពីគ្រឿងបុកគ្នាពេញទំហឹងនៅស្រុកបរកែវ

ខេត្តរតនគិរី÷ ម៉ូតូ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យមនុស្ស៣នាក់បានស្លាប់និងរបួសធ្ងន់ ខណ:បើកបរក្នុងទិសដៅបញ្ច្រាសគ្នា ពីលិចមកកើត។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១៨និង០០នាទី ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៥ តាមបណ្តោយផ្លូវជាតិលេខ៧៨ ត្រង់ចំណុចមុខចម្ការលោកសង ម៉ែង ស្ថិតក្នុងភូមិកប ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី។

លោក ម៉ៅ ភារម្យ នាយរងការិយាល័យនគរបាលចរាចរណ៍ខេត្ត បានឲ្យដឹងថា ម៉ូតូ១គ្រឿងម៉ាកហុងដាទ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី 1F-2381 អ្នកបើកបរដោយឈ្មោះ វី បញ្ញា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីឥណទានធនាគារ មានទីលំនៅបច្ចុប្បន្នភូមិអូរកន្សែង សង្កាត់អូរកន្សែង ក្រុងបានលុង ខេត្តរតនគិរី ពាក់មួកសុវត្ថិភាព រងរបួសធ្ងន់ ខណៈបើកបរក្នុងទិសដៅពីកើតមកលិច។

ឯភាគីម្ខាងទៀតម៉ូតូ១គ្រឿងម៉ាក ហុងដាទ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BS-7781 បើកបរដោយឈ្មោះ នៅ ឃួន ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ អត់បានពាក់មួកសុវត្ថិភាព ស្លាប់នៅនិងកន្លែងកើតហេតុ បើកបរក្នុងទិសដៅពីលិចមកកើត។

អ្នករួមដំណើរឈ្មោះ ក្វើន ភ្យឺង ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិទំពួន មុខរបរកសិករ មិនមានពាក់មួកសុវត្ថិភាព រងរបួសធ្ងន់អ្នកទាំងពីរ មានទីលំនៅភូមិអូម ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះមកអន្តរាគមន៍ធ្វើការត្រួតពិនិត្យនិងវាស់វែងនៅកន្លែងកើតហេតុ បានដឹកបញ្ជូនអ្នករបួសធ្ងន់ទៅសង្គ្រោះនិងព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបរកែវ។ដោយម៉ូតូទាំង២គ្រឿងនោះបានរងការខូចខាតយ៉ាងដំណំផងដែរ។

ដោយឡែកសាកសពសមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច។

បច្ចុប្បន្ន មធ្យោបាយទាំង២គ្រឿងត្រូវបានសមត្ថកិច្ចជំនាញយកមករក្សាទុកជាបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាល រដ្ឋបាលទីងចាក់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

Written by 

Related posts

Leave a Comment