ទីបំផុត Ronaldo បានភ្ជាប់ពាក្យជាមួយមិត្តស្រី​នាង Georgina Rodriguez ​ហើយ

នាង Georgina Rodriguez មានមោទនភាពបានបង្ហាញពីការភ្ជាប់ពាក្យរបស់នាងជាមួយកំពូលតារាព័រទុយហ្គាល់ Cristiano Ronaldo ជាមួយនឹងចិញ្ចៀនពេជ្រដ៏ធំកាលពីថ្ងៃអង្គារដោយសរសេរការបញ្ចប់ដ៏រីករាយចំពោះទំនាក់ទំនងរយៈពេល៩ឆ្នាំរបស់ពួកគេ។

នាង Georgina បាន​ចែករំលែក​រូបថត​មួយ​សន្លឹក​ពាក់​ចិញ្ចៀន​ពេជ្រ​ដ៏​ធំ ដែលទទួលបានពីខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់រូបនេះជាមួយថា «ពិតណាស់ខ្ញុំយល់ព្រម! ​នៅក្នុងពេលនេះ និងនៅពេញមួយជីវិតរបស់ខ្ញុំ»។

​ការបង្ហោះរូបនេះរបស់នាង បាន ផ្ទុះការចែកចាយយ៉ាងខ្លាំង ដោយមានមនុស្សចាប់អារម្មណ៍ចុចតាមដានប្រមាណ ១,៥លានដង ក្នុងរយៈពេល ៤០នាទី តែប៉ុណ្ណោះ។​ អ្នក​គាំទ្រ​បាន​ចូល​រួម​បញ្ចេញ​មតិ​ដោយ​សារ​អបអរ​សាទរ និង​ជូនពរ​គូស្នេហ៍​មួយ​គូ​នេះ។

ចិញ្ចៀននេះត្រូវបានប៉ាន់ប្រមាណដោយអ្នកជំនាញគ្រឿងអលង្ការមានតម្លៃជាងមួយលានដុល្លារ ហើយទំនងជាលើសពី ១០-១៥ ការ៉ាត់ ។នេះបើយោងតាមកាសែត Marca ។

សូមជម្រាបថា Ronaldo និង នាង Georgina បានជួបគ្នាដំបូងនៅហាង Gucci ក្នុងទីក្រុង Madrid ​ដែលនាង Georgina បានធ្វើការជាអ្នកលក់នៅហាងនោះ។ បន្ទាប់មកទៀត Ronaldo បន្តទៅហាងសម្លៀកបំពាក់នោះ និងបានណាត់ជួបបុគ្គលិកជនជាតិអាសហ្សង់ទីន វ័យ៣១ឆ្នាំរូបនេះ ដើម្បីផ្តើមជជែកគ្នាលើកដំបូង។

​ទំនាក់ទំនងស្នេហារបស់អ្នកទាំងពីរ ចាប់ផ្តើមបង្ហាញជាសាធារណៈ នៅចុងឆ្នាំ ២០១៦ ពេលដើរលេងនៅសួនកម្សាន្ត Disneyland ទីក្រុងប៉ារីស។ តាំងពីពេលនោះមក​ នាង Georgina តែងតែត្រូវបានគេឃើញរស់នៅជិត កីឡាករវ័យ ៤០ឆ្នាំ ជាប់ជានិច្ច ហើយតែងតែទៅគាំទ្ររាល់ការប្រកួត ក៏ដូចជាការរស់នៅជីវិតប្រចាំថ្ងៃជាមួយគ្នា។

​នាង Georgina មានកូនពីរនាក់ជាមួយ Ronaldo៖ Alana Martina កើតក្នុងឆ្នាំ ២០១៧ និងកូនភ្លោះរួមទាំង Bella Esmeralda កើតនៅឆ្នាំ ២០២២។ ជាអកុសល ប្អូនប្រុសភ្លោះរបស់ Bella បានទទួលមរណភាពភ្លាមៗបន្ទាប់ពីកំណើត៕

Written by 

Related posts

Leave a Comment