បុរសវ័យចំណាស់ម្នាក់ជិះម៉ូតូទៅបុកគូទរថយន្តពីក្រោយពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ខេត្តរតនគីរី៖ បុរសវ័យចំណាស់ម្នាក់បានជិះម៉ូតូបុកគូទរថយន្តវេអងកំពុងធ្វើដំណើរក្នុងទិសដៅស្របទិសគ្នាពីត្បូងទៅជើងពីក្រោយយ៉ាងពេញទំហឹង បណ្ដាលឲ្យ ស្លាប់មួយរំពេចនៅនិងកន្លែងកើតហេតុ។ក្នុងនោះដោយមានការសម្របសម្រួលនីតិវិធីពីលោក ឡេង លីណា ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្តរតនគិរី។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៨និង៤៤នាទី កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ នៅតាមបណ្ដោយផ្លូវជាតិលេខ៧៦ ត្រង់ចំណុចមុខផ្ទះជាងម៉ូម ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៧៤-២៧៥ ស្ថិតក្នុងភូមិលំផាត់ ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី។

លោក ម៉ៅ ភារម្យ នាយរងការិយាល័យនគរបាលចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តបានឲ្យដឹងថា អ្នកបើកបរម៉ូតូឈ្មោះ ញឹម សុខា ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិលំផាត់ ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី(បានពាក់មួកសុវត្ថិភាព)បានធ្វើដំណើរពីត្បូងទៅជើងបានបុកគូទរថយន្តពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់មួយរំពេចនៅកន្លែងកើតហេតុ។ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1LJ- 2139 ខណៈម៉ូតូបានរងការខូចខាតយ៉ាងដំណំ។

លោក ម៉ៅ ភារម្យ បានបញ្ជាក់ថា ក្រោយពីកើតហេតុ អ្នកបើកបររថយន្តម៉ាកHyundai(វេអងកាច់ចង្កេះ) ពណ៌ស ពាក់ស្លាកលេខក្បាលព្រះសីហនុ3A- 8178 និងពាក់ស្លាកលេខរុឺម៉ក ត្បូងឃុំ 4A-0999 ខណៈធ្វើដំណើរពីត្បូងទៅជើងបានឃើញសភាពការណ៍មិនស្រួលក៏ចុះពីលើរថយន្តដាក់មេប្រូចបាត់ស្រមោលមិនទាន់ស្គាល់អត្តសញ្ញាណ បានបន្សល់ទុកវត្ថុតាងរថយន្តនៅនិងកន្លែងកើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញនៃអធិការនគរបាលស្រុកលំផាត់ បានចុះមកធ្វើការអន្តរាគមន៍និងត្រួតពិនិត្យមើលឃើញថាពិតជាម៉ូតូបានបុកគូទរថយន្តពីក្រោយពិតប្រាកដមែន។សាកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី។
    
បច្ចុប្បន្នមធ្យោបាយទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចជំនាញរឹបអូសយកមករក្សាទុកបណ្ដោះអាសន្ននៅអធិការនគរបាលស្រុកលំផាត់ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការទៅតាមនីតិវិធី៕

Written by 

Related posts

Leave a Comment