សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ជិន ថាញ់មិន ប្រធានរដ្ឋសភាវៀតណាម នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ក្នុងថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០២៥ ក្នុងពេលដែលថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទំាងពីរបានកំពុងបំពេញបេសកកម្មការទូតនៅក្នុងទឹកដីប៉ែកអឺរ៉ុបមួយនេះ។

ប្រធានរដ្ឋសភាប្រទេសទំាងពីរ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនគ្នាទៅវិញទៅមក និងបានផ្លាស់ប្តូរពីសភាពការណ៍នយោបាយ សង្គម សេដ្ឋកិច្ច ទៅវិញទៅមក។ នៅក្នុងនោះភាគីវៀតណាម បានអបអរសាទរ ចំពោះ កិច្ចព្រមព្រៀងបទឈប់បាញ់នៅក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ ហើយងាកមកដោះស្រាយដោយសន្តិវិធី យកការចរចាជាធំនាំមកនូវសុខសន្តិភាពដល់ជូនប្រជាពលរដ្ឋទំាងពីរប្រទេសនិងក៏ដូចជាតំបន់ផងដែរ។ ក្នុងនាមប្រទេសជាមិត្ត ភូមិផងរបងជាប់គ្នានេះ វៀតណាមនឹងចូលរួមសង្កេតការណ៍លើបទឈប់បាញ់នេះផងដែរ។

ថ្នាក់ដឹកនាំប្រធានរដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើននិងភាពរឹងមាំនៃទំនាក់ទំនងប្រទេសទំាងពីរ និងបានថ្លែងអំណរគុណដល់គ្នាទៅវិញទៅមក ដែលប្រទេសទំាងពីរតែងតែជួយគាំទ្រគ្នាទៅវិញទៅមកនៅគ្រប់កាលៈទេសៈទំាងកម្រិតទ្វេភាគីនិងពហុភាគី។ សូមរំឭកថាវៀតណាមបានជួយដល់ការរំដោះប្រទេសកម្ពុជាចេញពីរណ្តៅរមណៈនៃរបបប៉ុលពតប្រល័យពូជសាសន៍ក្នុងឆ្នាំ១៩៧៩។ ចំណែកកម្ពុជាបានជួយជ្រោមជ្រែង ដល់ការទទួលបានឯករាជ្យនិងការបង្រួបបង្រួមជាតិវៀតណាម កាលពី៥០ឆ្នាំមុន។

សម្តេចរដ្ឋសភាធិបតី និងឯកឧត្តម ជិន ថាញ់មិន បានសន្យារួមគ្នានឹងបន្តខិតខំជំរុញការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នារវាងរដ្ឋសភាប្រទេសទំាងពីរ ដែលបានចុះហត្ថលេខាហើយនោះ ឱ្យទទួលបានលទ្ធផលកាន់តែច្រើនឡើង ជូនប្រជាពលរដ្ឋនិងប្រទេសទំាងសងខាង។ ជាពិសេសការជំរុញឱ្យមានការផ្លាស់ប្តូរគ្នាកាន់តែសកម្មឡើងរវាងសមាជិកសភាវ័យក្មេង ក្រុមមិត្តភាព គណៈកម្មការជំនាញ ថ្នាក់អគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរ ក៏ដូចជាកម្រិតថ្នាក់ដឹកនាំ៕ ដកស្រង់ពីផេកផ្លូវការគណបក្សប្រជាជនកម្ពុជា



