ខេត្តស្វាយរៀង៖សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង និងលោកជំទាវ ម៉ែន ភក្តី ហុកឡងឌី បានអញ្ជើញប្រគេនទៀនព្រះវស្សាដល់ព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសចំនួន ៣៣វត្ត នៅខេត្តស្វាយរៀង ព្រឹកថ្ងៃសៅរ៍ ២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹង ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥។

តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនារបស់ខ្មែរ ព្រះសង្ឃគ្រប់ព្រះអង្គគ្រប់ វត្តអារាមក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សា អស់ថេរវេលា៣ខែ ចាប់តាំងពីថ្ងៃ ១រោច ខែអាសាឍតទៅ ។ ពាក្យថា «វស្សា» មកពីពាក្យបាលីថា «វស្ស» ប្រែថា «ភ្លៀង» ឬ «រដូវភ្លៀង» ដែលមានកំណត់៤ខែ (រាប់ពីថ្ងៃ១រោច ខែអាសាឍ ដល់ ១៥កើត ខែកត្តិក)។ ព្រះបរមសាស្រ្តាយើងទ្រង់បានបញ្ញត្តិឲ្យមានកិច្ចចូលព្រះវស្សានេះ ប៉ុន្តែសព្វថ្ងៃនៅប្រទេសកម្ពុជាការចូលព្រះវស្សាមានកំណត់ត្រឹមតែ៣ខែទេ (រាប់ពីថ្ងៃ ១រោច ខែអាសាឍ ដល់ ១៥កើត ខែអស្សុជ)។

ពិធីបុណ្យនេះដែរ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានឧទ្ទិសមហាកុសលផលបុណ្យជូនដល់ញាត្តិកាទាំង៧សន្តាន និងបុព្វការីជនដែលបានចែកឋានទៅកាន់បរមលោកខាងមុខ និងបានឧទ្ទិសបុណ្យកុសលបានជូនដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តម សេនីយ៍ ហុក ឡងឌី មកទទួលយកផល្លាអានិសង្សដែលកើតចេញអំពីបុណ្យក្នុងថ្ងៃនេះ តាមបែបប្រពៃណីព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ៕គឹមសេង






