ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ត្រូវបានគេរាយការណ៍ថា រងរបួសបន្តិចបន្តួចក្នុងអំឡុងពេលការវាយប្រហាររបស់អ៊ីស្រាអែល លើអ៊ីរ៉ង់ កាលពីខែមុន។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Fars របស់ប្រទេសអ៊ីរ៉ង់ ដែលជិតស្និទ្ធនឹងឆ្មាំបដិវត្តន៍ បានឲ្យដឹងថា នៅថ្ងៃទី ១៦ ខែមិថុនា គ្រាប់បែកចំនួន ៦ គ្រាប់ កំណត់គោលដៅទាំងច្រកចូល និងច្រកចេញនៃកន្លែងសម្ងាត់ក្រោមដីក្នុងទីក្រុង Tehran ជាកន្លែងដែល លោក Pezeshkian ចូលរួមកិច្ចប្រជុំបន្ទាន់នៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូល។
ប្រធានាធិបតីរូបនេះ ត្រូវបានគេនិយាយថា រងរបួសជើង ខណៈលោក និងអ្នកផ្សេងទៀត ព្យាយាមរត់គេចខ្លួនតាមច្រកសង្គ្រោះបន្ទាន់។
ទោះជាយ៉ាងណា អ៊ីស្រាអែល នៅមិនទាន់បានធ្វើអត្ថាធិប្បាយជាសាធារណៈលើរបាយការណ៍នេះទេ។
គួរបញ្ជាក់ថា វីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងអំឡុងពេលជម្លោះរយៈពេល ១២ ថ្ងៃ បានបង្ហាញពីការវាយប្រហារម្តងហើយម្តងទៀតនៅភាគពាយព្យនៃទីក្រុង Tehran ជាទីតាំងសម្ងាត់មួយនៅក្នុងទីក្រុង ដែលជាកន្លែងមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ ស្ថិតនៅពេលនោះ៕

ដោយ៖ ពេជ្រ