​បទអត្ថាធិប្បាយ៖  ចិនចួលរួមចំណែកដល់ការអភិវិឌ្ឍ និងការថែរក្សាសន្តិភាពនៅកម្ពុជា

ភ្នំពេញ៖ ឯកឧត្តមជា ធីរិទ្ធអ្នកនាំពាក្យព្រឹទ្ធសភា  និងគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា     រដ្ឋាភិបាលចិនចួលរួមចំណែកដល់ការអភិវិឌ្ឍ និងការថែរក្សាសន្តិភាពនៅកម្ពុជា ខណៈដែលទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ បានវិវត្តរីកចម្រើនទៅមុខឥតឈប់ឈរ។

ឯកឧត្តម ជា ធីរិទ្ធ បានបញ្ជាក់ថា សម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជា មិនអាចកាត់ចេញបាននូវការចូលរួមចំណែកពីប្រទេសចិនបានឡើយ ។ បើចិនមិនចូលរួមចំណែកនោះទេ ប្រហែលជាកម្ពុជាមិនអាចអភិវឌ្ឍន៍លឿនដូចបច្ចុប្បន្ននេះណាស់។ ដោយមិត្តចិនបានជួយកម្ពុជាច្រើនទាំងក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធគ្រប់បែបយ៉ាង ដែលយើងឃើញថា ផ្លូវជាង៣០០០គីឡូម៉ែត្រ និងស្ពានជាច្រើនកន្លែង ។ ហេដ្ឋារចនាសម្ព័ន្ធដែលចិនបានជួយយើងទាំងអស់នោះហើយ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការរុញច្រានជួយដល់សេដ្ឋកិច្ច និងការអភិវឌ្ឍកម្ពុជា។

ឯកឧត្តមបញ្ជាក់ថា ៖ « ការអភិវឌ្ឍដែលមានការចូលរួមពីភាគីចិននេះឯង គឺជាផ្នែកមួយក្នុងការថែរក្សា និងគាំពារនូវសុខសន្តិភាពសម្រាប់ប្រទេសកម្ពុជា ព្រោះថា កម្ពុជាមានសន្តិភាពហើយ ប៉ុន្តែទាមទារនូវការអភិវឌ្ឍបន្ថែម។ ដូចដែលសម្តេចតេជោហ៊ុនសែន លោកបានធ្លាប់លើកឡើងថាហើយ យើងមានសន្តិភាព ប៉ុន្តែបើគ្មានការអភិវឌ្ឍទេ ក៏មិនអាចថែរក្សាបាននូវសន្តិភាពដែរ។ ដូច្នេះ ការចូលរួមរបស់ចិនក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ក៏ជាផ្នែកមួយជួយការពារសន្តិភាពសម្រាប់ប្រទេសកម្ពុជា។ »

ចំណែកឯលោកបណ្ឌិតជា មុនីឫទ្ធិ ប្រធានសមាគអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជាចិនវិញបានមានប្រសាសន៍ថា ចិនពិតជាបានរួមចំណែកថែរក្សាសន្តិភាពនៅកម្ពុជា ព្រោះគោលនយោបាយរបស់ប្រទេសចិនគឺជាគោលនយោបាយសន្តិភាពនិយម សង់ស្ពានមេត្រីភាពជាមួយបណ្តាប្រទេសទាំងអស់នៅក្នុងពិភពលោក ដោយឈរលើទស្សនវិជ្ជារបស់ខ្លួនមានពោរពេញដោយចរន្តពហុភាគីនិយមដើម្បីការពារសន្តិភាព ស្ថិរភាព និងវិបុលភាពរបស់ពិភពលោក។

លោកបណ្ឌិតបញ្ជាក់ថា  ថ្នាក់ដឹកនាំចិនគ្រប់ជំនាន់តែងបានប្រកាសយ៉ាងម៉ឹងម៉ាត់ថា សន្តិភាព និងការអភិវឌ្ឍ គឺជាសេចក្តីប្រាថ្នាដែលត្រូវបានបង្កើតឡើងដោយមនុស្សជាតិគ្រប់គ្នានៅក្នុងរយៈពេលជាងមួយសតវត្សរ៍កន្លងមក។ ប្រទេសចិនដែលមានប្រជាជនពោរពេញដោយហ្សែនស្នេហាសន្តិភាពតែងបានឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់មនុស្សជាតិ ហើយដាស់តឿនពិភពលោកទទួលយកមេរៀនប្រវត្តិសាស្រ្តដ៏ជូរចត់ និងបន្តឆ្ពោះទៅមុខនៅលើផ្លូវម៉ារ៉ាតុងនៃសន្តិភាព និងការអភិវឌ្ឍ។

លោកបណ្ឌិតបញ្ជាក់ថា៖ « ស្របនឹងទស្សនៈនេះប្រជាជនកម្ពុជាដែលពោរពេញដោយភក្តីភាពចំពោះសន្តិភាព តែងលើកបដាជ្រោងទង់សន្តិភាព អរគុណសន្តិភាព និងប្រឆាំងដាច់ខាតចំពោះរាល់ទង្វើនិងសកម្មភាពណាដែលបំផ្លាញឬប៉ះពាល់ដល់សន្តិភាព។ មិនខុសពីប្រទេសចិន ការអភិវឌ្ឍរបស់ប្រទេសកម្ពុជាមិនអាចខ្វះបាននូវសន្តិភាពនោះឡើយ។ នៅក្នុងទំនាក់ទំនងដែកថែបជាមួយកម្ពុជា ចិនតែងគាំទ្រជាប់ជានិច្ចនូវការគោរពអធិបតេយ្យភាព បូរណភាពរបស់កម្ពុជា ព្រមទាំងគាំទ្រកម្ពុជាក្នុងកិច្ចការពារគុណតម្លៃសន្តិភាព ដែលជាគំរូភាពដ៏ល្អសម្រាប់តំបន់និងពិភពលោក។»

អ្នកវិភាគផ្នែកសង្គមមើលឃើញថា   ទំនាក់ទំនងដ៏ល្អរវាងកម្ពុជា និងចិន ត្រូវបានពង្រីកកិច្ចសហប្រតិបត្តិការ ដោយឈរលើគោលការណ៍សន្តិភាពនិយម និងពហុភាគីនិយម សម្រាប់ថែរក្សាយ៉ាងរឹងមាំនូវសន្តិភាពសម្រាប់ប្រទេសទាំងពីរ ។ ពង្រឹងចំណងទាក់ទងមេត្រីភាពកាន់តែរឹងមាំ ដែលជាមរតកបន្សល់ទុកពី ថ្នាក់ដឹកនាំជំនាន់មុន និងបន្តពូនជ្រុំដោយថ្នាក់ដឹកនាំបច្ចុប្បន្ន ព្រមទាំងរួមកម្លាំងគ្នា ដើម្បីកិច្ចកសាងសហគមន៍ជោគវាសនារួម កម្ពុជានិងចិន ក្នុងយុគសម័យថ្មី ៕ (លោកចេម វឌ្ឍនា វិទ្យុមិត្តភាពកម្ពុជាចិន)

Written by 

Related posts

Leave a Comment